លោកទៀ​ សីហា​៖ យើងបានធ្វើការបោសសម្អាតមីនបញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និង ស្រុកក្រឡាញ់

0

លោកទៀ​ សីហា​ អភិបាលខេត្តសៀមរាបបានអះអាងថា៖ យើងបានធ្វើការបោសសម្អាតមីន បញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និង ស្រុកក្រឡាញ់ ហើយបានធ្វើពិធីប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ ដោយទ្បែកសម្រាប់ផែនការឆ្នាំ២០២៣ អង្គភាពCMAC បានដាក់ពង្រាយកម្លាំងប្រតិបត្តិការ បោសសម្អាតតំបន់ចម្ការមីន និងយុទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ក្នុងខេត្តសៀមរាប។

លោក ទៀ សីហា បានបញ្ជាក់ ចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេល បច្ចុប្បន្ន ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម របស់អង្គភាពប្រតិបត្តិករ បាននិងកំពុងធ្វើប្រតិបត្តិការ ក្នុងខេត្តមាន៖ CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្ការមីន លើផ្ទៃដីសរុបជាង ៨​ ៨០០ហិកតា ដោយរកឃើញមីនថ្មើជើង ចំនួនជាង ២ម៉ឺនគ្រាប់ មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះ ពីសង្រ្គាមគ្រប់ប្រភេទជាង១១ម៉ឺន គ្រាប់គ្រាប់​ មានអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួនជាង ៥៣ម៉ឺននាក់។

អភិបាលខេត្តសៀមរាបអះអាងបែបនេះ ក្នុងឱកាសអញ្ជេីញចូលរួមបើកការដ្ឋាន ប្រតិបត្តិការ បោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម  ក្រោមគម្រោងហិរញ្ញប្បទាន ឥតសំណង របស់រដ្ឋាភិបាលចិន សម្រាប់ (គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីន នៅកម្ពុជា) ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប តំណាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ក្នុងពិធីសម្តេចទៀ បាញ់ បានសម្តែងការអរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ក្នុងការគាំទ្រជួយដល់កម្ពុជាលើគ្រប់វិស័យ​ ពិសេសបោសសំអាតមីន ស្របតាមចក្ខុវិស័យផែនការយុទ្ឋសាស្ត្រសកម្មភាពមីន កម្ពុជា គ្មានមីនឆ្នាំ២០២៥។

សម្តេចបានបន្តថា នៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាបិតាសន្តិភាព ជាមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ បាននាំមកនូវជោគជ័យ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង សម្រាប់កម្ពុជា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ។ ភ្លើងសង្គ្រាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ជាច្រើនសន្ធឹកសន្ធាប់ពាសពេញ ផ្ទៃប្រទេស ដែលបងប្អូនប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់​ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្ម ដ៏សែនឈឺចាប់បំផុត ដែលមិនធ្លាប់កើតមានពីមុន និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ បើទោះបីកម្ពុជាយើងបានជួបប្រទះនូវទុក្ខសោកដោយសារបញ្ហាគ្រាប់មីន ដែលបានបន្សល់ទុកពីភ្លើងសង្គ្រាម ក៏ដោយ តែក្រោមការដឹកនាំរបស់ សម្តេចហ៊ុន សែននិងដោយមានការជួយជ្រោមជ្រែង ពីបណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូ ជាច្រើនមកដល់ពេលនេះយើង ឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្គ្រាមផ្សេងទៀត ត្រូវបានបោសសំអាត និងធ្វើការកំទេចចោល ជាបន្តបន្ទាប់ស្ទើទូទាំងប្រទេស។

សម្តេចទៀ បាញ់ ក៏បានជំរុញឱ្យអង្គភាពស៊ីម៉ាក និងអាជ្ញាធរដែនដី ត្រូវធ្វើយ៉ាងណាខិតខំអប់រំ ផ្សព្វផ្សាយ អំពីគ្រោះថ្នាក់ ដែលបង្កឡើងដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេសដល់កុមារតូចៗ។

សូមបញ្ជាក់ថាពិធីបើកការដ្ឋាន ប្រតិបត្តិការបោស សម្អាតមីន លេីផ្ទៃដីចំនួន៣៩៤​ ៩៤៣ម៉ែត្រក្រឡា​ ដែលគ្រប់ដណ្តប់ទៅដោយគ្រាប់មិនទាន់ផ្ទុះ និង សំណល់យុទ្ធភណ្ឌសង្គ្រាម ធ្វើឡើងស្ថិតនៅភូមិទ័ពជ័យ ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប៕SRP