ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបឹងណាយ៖ ស្ត្រី ត្រូវបានរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

0

លោកជំទាវ តោ ពិឡា បានមានប្រសាសន៍ថា តម្លៃលើកត្តា សន្តិភាព ដែលធ្វើឲ្យកំលាំងស្ត្រី មានឱកាសគ្រប់យ៉ាង ចូលរួមគ្រប់សកម្មភាពសង្គម ហើយត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោកជំទាវ បន្តថា ការជ្រើសរើស ប្រធានបទខាងលើ និងបានលើកឡើងពីការខិតខំ របស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសុខ សន្តិភាព ដោយលំបាក ដែលយើង ទាំងអស់គ្នា ទាំងស្ត្រី ទាំងបុរស ត្រូវរួមគ្នាថែរក្សាឲ្យបាន។

លោកជំទាវ ក៏បានស្នើឲ្យស្ត្រីជាមន្ត្រីរាជការទាំងអស់ និងភរិយារបស់មេឃុំ ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជីវៈឲ្យកាន់តែជ្រៅជ្រះឡើង ក្នុងការវាយតម្លៃប្រគល់ឋានៈតួនាទីជូន តាមសមត្ថភាពរៀងៗខ្លួន និងជាមេគ្រួសារ ដែលផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ។​

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ឃុំបឹងណាយ និងជាតំណាងលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរខួប អនុស្សារីយ៍លើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធាន បទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ត្រូវបានប្រារព្វធ្វើឡើង ក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

លោកជំទាវ តោ ពិឡា ក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ឃុំ ធ្វើឲ្យបងប្អូននារី ជាមន្ត្រីរាជការ ទទួលបានឋានៈតួនាទី សមតាមសមត្ថភាព និងការបណ្តុះបណ្តាល បង្កើនកំរិតចំណេះដឹង បានយ៉ាងប្រសើរផងដែរ។

ក្នុងពិធីលោកជំទាវ ក៏បានជូនកាដូ អនុស្សាវរីយ៍ ជូនស្រ្តីជាមន្រ្តីមូលដ្ឋានឃុំ និងស្រ្តីជាភរិយាមេឃុំ ដែលជាអំណោយរបស់ លោក ប៉ាន់ សូស័កិ្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផងដែរ​៕SRP