ខេត្តកំពង់ចាម៖ក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ(D B S T) ១ខ្សែ មានប្រវែង ១៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ឆ្លងកាត់ភូមិចំនួន១៥ ស្ថិតក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ ននៅថ្ងៃពុធ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារ បច្ចេកទេស ធ្វើយ៉ាងណាត្រូវស្ថាបនាផ្លូវមួយខ្សែនេះ ឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងធ្វើឱ្យបានរួចរាល់ ក្នុងរយៈពេល៩ខែ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ទើបមានការអភិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ជាក់ស្ដែងការស្ថាបនាផ្លូវមួយខ្សែខាងលើនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បី បម្រើឱ្យការធ្វើ ដំណើរ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងដឹកកសិផលទៅកាន់ទីផ្សារ របស់ប្រជាកសិករ សំដៅជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់កម្រិតជីវភាព ប្រជាជននៅតាមជនបទ ដើម្បីបង្ខិតជនបទឱ្យ មានជីវភាពប្រហាក់ប្រហែល នឹងទីប្រជុំជនផងដែរ។
អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព និងសូមឲ្យចូលរួមសហការ ជាមួយអាជ្ញាធរ ដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នេះ ឲ្យបានជោគជ័យ ប្រយោជន៍ ដល់ការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ក៏ដូចជាការរួមគ្នាកាត់បន្ថយ ភាពក្រីក្រ តាមរយៈការធ្វើដំណើរ បានងាយស្រួល និងឆាប់រហ័ស ពោលគឺផ្លូវនេះ ជារបស់ពុកម៉ែបងប្អូនហើយ ពេលស្ថាបនារួចសូមប្រើប្រាស់តាមតម្រូវការចុះ ប៉ុន្តែសូមចូលរួមថែទាំផង ជាពិសេសពេលបានផ្លូវល្អហើយ សូមអប់រំកូនចៅឲ្យបើកបរ ដោយមានការគោរពច្បាប់ចរាចរ និងមានការប្រុងប្រយ័ត្នផងដែរ។
លោកជំទាវ តោ ពិ ឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំបឹងណាយ បានថ្លែងថា ផ្លូវមួយនេះពីមុនមក គឺជាទំនប់ភ្លឺស្រែ ដែលអ្នកភូមិប្រើប្រាស់សម្រាប់ធ្វើដំណើរទៅស្រែរបស់ខ្លួន និងសម្រាប់ឆ្លងកាត់ ទៅភូមិដែលនៅជិតខាង។ ក្រោយមកក្រោមគម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក បានជីកធ្វើប្រឡាយ និងបានយកអាចម៍ដីប៉ះបន្ថែមដែលធ្វើឱ្យក្លាយជាផ្លូវលំ និងបានជួសជុល កែលម្អជាបន្តបន្ទាប់ របស់រដ្ឋបាលស្រុក ធ្វើឱ្យមានភាពងាយស្រួលដល់ប្រជាកសិករក្នុងការដឹកនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងដោយមានការសំណូមពរពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះជួយឃុំ បានសម្របសម្រួល និងទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះសិក្សា និងសម្រេចកែប្រែផ្លូវនេះជាផ្លូវកៅស៊ូ ដោយមានប្រឡាយទឹកអមសងខាងប្រវែង ១៣,០០០ ម៉ែត្រ ដើម្បីធានាបាននូវគុណភាពក្នុងការប្រើប្រាស់ បានយូរអង្វែង៕SRP

