លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រ Aroma Success Garment Co., LTD. នៅខេត្តកំពង់ស្ពឺ។
ក្នុងពិធីសម្ពោធ នៅថ្ងៃពុធម្សិលមិញ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល រោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ ឆ្នាំកន្លងមកហើយ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៩៨ នៅពេលដែលកម្ពុជាទើបទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ការសម្រេចចិត្តនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងស្មារតីរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។ ពិតណាស់ ការពង្រីកការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញអំពីភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់ក្រុមហ៊ុននៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕SRP

