ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី បានអះអាងថា៖ ម្សិលមិញនេះជាថ្ងៃដែលយុទ្ធនាការ #BeyondTheGames បានបង្កើតវេទិកាជាផ្លូវការក្នុងមហិច្ឆតា បត់ «បេះដូងច្រើនជាងគេលើពិភពលោក» ចំនួន១លានបេះដូង ដោយប្រជាជនកម្ពុជា ដែលការបត់បេះដូងនេះ គឺជាការចូលរួមចំណែករបស់ ស.ស.យ.ក. ដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
លោក ហ៊ុន ម៉ានី បន្តថា បេះដូងមួយដែលត្រូវបានបត់ សមមាត្រជាថវិកាចំនួន ៥០០រៀល ដែលក្នុងមួយបេះដូងសរុបជាថវិកា ៥០០លានរៀល ឬប្រមាណ ១២៥,០០០ដុល្លារ ដោយមានដៃគូបរិច្ចាគ ចំនួន ០៥ស្ថាប័នស្ម័គ្រចិត្ត ចូលរួមបរិច្ចាគជំនួស ដើម្បីយកថវិកាទាំងនេះប្រគល់ជូនកីឡាករ កីឡាការិនីដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ខ្ញុំមានក្តីរំភើប និងមិននឹកស្មានថា កន្លងមកនេះ ការបត់បេះដូងនេះមានការចូលរួមយ៉ាងសស្រាក់ស្រាំពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។
គោលបំណងនៃការបត់បេះដូងនេះ មិនមែនគ្រាន់តែផ្ដោតសំខាន់ទៅការបំបែកឯតទគ្គកម្មពិភពលោកតែមួយមុខនោះទេ តែការបត់បេះដូងនេះ បានបង្ហាញអំពីក្ដីស្រលាញ់ ការផ្ដល់កំលាំងចិត្ត និងការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ប្រជាជនខ្មែរ ដើម្បីបុព្វហេតុរួមសម្រាប់ប្រទេសជាតិមាតុភូមិ។ លើសពីនេះទៅទៀត នេះជាការបង្ហាញអំពីសាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាជនខ្មែរ ដើម្បីជាការគាំទ្រដល់កីឡាករ កីឡាការិនី តាមរយៈសកម្មភាពជាក់ស្ដែង ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាតូច តែបេះដូងរបស់ប្រជាជនកម្ពុជាធំទូលាយ (Cambodia: Small Country, Big Heart)។
លោកម៉ានីបន្តថា យើងមានគោលបំណង និងគោលដៅច្បាស់លាស់ មុននឹងឈានដល់ការសម្រេចចិត្តធ្វើរឿងនេះ។ អ្វីដែលជាបំណងប្រាថ្នារបស់យើងក្នុងកម្មវិធីនេះ មិនខុសពីអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ គឺការបង្កើតឱ្យមានជាវេទិកា និងការបណ្តុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ធ្វើសកម្មភាពនានាដែលស្របជាមួយការរីកលូតលាស់ក្នុងសង្គមជាមួយគ្នា សម្រាប់ជាប្រយោជន៍វិជ្ជមានដល់កម្ពុជា។
#BeyondTheGames #HeartsBeatInSync #បេះដូងលោតក្នុងចង្វាក់តែមួយ

