ឧកញ៉ា អ៊ឹម ប្រុស ហៅ​គ្រូ​សីល​ ត្រូវ​បាន​ចាប់​ខ្លួន​តាមពីបទ «ឆបោក»​ រកឃើញកាំភ្លើង៥ដើម និងគ្រាប់កាំភ្លើងជាង ២០០គ្រាប់

0

ខេត្តកំពង់ចាម​៖លោកឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល​ ត្រូវបានចាប់ខ្លួន«ឆបោក»រកឃើញកាំភ្លើង៥ដើម និងគ្រាប់កាំភ្លើងជាង ២០០គ្រាប់។

ការចាប់ខ្លួននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដោយ​អនុវត្ត​តាមសាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ​។  លោកឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល​ ពីបទ «ឆបោក» ដែលបានធ្វើឡើង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្រ្តីនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា​ នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពរ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ២០១៥ ២០១៦ និងឆ្នាំ២០១៧។

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្នុងពេលកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត, កម្លាំងជំនាញ កំណត់បាន និងរកឃើញអាវុធខ្លី៥ដើម រួមមាន៖ ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម) រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ (គ្រាប់K59 ចំនួន ៤៩គ្រាប់ និងគ្រាប់ឡុកចំនួន២១០គ្រាប់) រួមទាំងសាន់តារ៉ុងចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន០២គ្រឿ, ខ្នោះដៃចំនួន០៥គូ និងស្រោមខ្នោះចំនួន០៤ផងដែរ។

បច្ចុប្បន្ននគរបាលខេត្តកំពង់ចាម បាននាំយកទណ្ឌិត រួមនិងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញទម្រង់នីតិវិធី​៕SRP