ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានផ្ទះប្រតិកម្ម ទាមទារអោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ទៅលើ យោធាម្នាក់ ឈ្មោះ រ៉ៃ វុទ្ធី ដែលបានឈូសឆាយព្រៃរបស់រដ្ឋ ហុំព័ទ្ធយកដី និងលើកជាទំ នប់បិទអូរប្រឡាយ បង្កការប៉ះពាល់ដល់ពួកគាត់ក្នុងការអាស្រ័យផល។
ការផ្ទុះប្រតិកម្មនេះ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅក្នងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ត្រង់ចំណុចអូរចាក់ស្រារ។
ក្រុមអ្នកភូមិបានអោយដឹងថា បុគ្គលឈ្មោះ រ៉ៃ វុទ្ធី គឺ ជាយោធា នៅកងពលលេខ៤១ វរ:៤១៣។ បុគ្គលរូបនេះ តែងតែដើរធ្វើសកម្មភាព ឈូសឆាយព្រៃរបស់រដ្ឋ ហុំព័ទ្ធយកដី។ ហើយថ្មីៗនេះ បានយកគ្រឿងចក្រទៅឈូសឆាយ និងលើកជាទំនប់បិទអូរប្រឡាយជាច្រើនកន្លែង នៅចំណុចអូរចាក់ស្រា ដែលធ្វើអោយមានការប៉ះពាល់ ដល់ការអាស្រ័យផល របស់ពលរដ្ឋក្នុងភូមិសាស្រ្តនោះជាច្រើនគ្រួសារ។
ប្រភពអោយដឹងទៀតថា សកម្មភាពរបស់បុគ្គល រ៉ៃ វុទ្ធី មិនមែនថា អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ មិនដឹងនោះទេ ផ្ទុយទៅវិញ ពួកគេបែជាសម្ងំហើយព្យាយាមបើកភ្លើងខៀវ អោយបុគ្គលខាងលើ ដើរធ្វើសកម្មភាពតាមតែអំពើចិត្ត។
ក្រុមអ្នកភូមិបានអះអាងថា បុគ្គល ឈ្មោះ រ៉ៃ វុទ្ធី ព្រោះតែអាងអំណាចខ្លួនជាយោធា ហើយទទួលបានការឃុបឃិត ពីសមត្ថកិច្ចពាក់ព័ន្ធផងនោះ គឺដើរឈូសឆាយព្រៃរបស់រដ្ឋ ហុំព័ទ្ធយកដីស្ទើតែគ្រប់ទីកន្លែង។
ចំពោះការកាយដីបិទអូរប្រឡាយនៅចំណុចអូរចាក់ស្រា ខាងក្រោយស្នាក់ការសន្តិសុខ PM លេខ២១០ នេះ គឺ បានធ្វើអោយប៉ះពាល់ ក្នុងការអាស្រ័យផលដែលអ្នកនៅលើទំនប់ គឺរងការលិចលង់ដោយទឹកជំនន់ ឯអ្នកនៅខាងក្រោមគឺខ្វះ ខាតទឹកស្រោចស្រព្វផងដែរ។
ជាមួយនឹងសកម្មភាព របស់បុគ្គលឈ្មោះ រ៉ៃ វុទ្ធី នេះ ក្រុមអ្នកភូមិ បានទទូចស្នើសុំដល់មេកងពលលេខ៤១ សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអភិបាលស្រុកគូលេន មេត្តាជួយអន្តរាគមន៍ លើបុគ្គល រ៉ៃ វុទ្ធី បញ្ឈប់សកម្មភាព បិទអូរប្រឡាយជាបន្ទាន់។ បើមិនដូច្នេះទេ ពួក គាត់នឹងដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីមានវិធានការនិងស្វែងរកជនឃុបឃិត។
ទោះជាយ៉ាងណា នៅថ្ងៃអង្គារនេះ នេះ សៀមរាប ប៉ុស្ដិ៍
មិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយ ពីសមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ និងបរិស្ថាន ក្នុងភូមិសាស្ត្រខាងលើបាននៅឡើតទេ។
ចំណែក លោករ៉ៃ វុទ្ធី ដែលរងការចោទប្រកាន់ បានប្រាប់តាមទូរស័ព្ទថា៖ រូបលោក គឺជាយោធាកងពលលេខ៤១ វរ:៤១៣ ពិតប្រាកដ។លោកថា រឿងលើកទំនប់បិទអូរប្រឡាយនោះ លោកបានទៅកាយចេញវិញអស់ហើយ។ លោករ៉ៃ វុទ្ធី បញ្ជាក់ថា ចំពោះការឈូសឆាយព្រៃរបស់រដ្ឋហុំព័ទ្ធយកដី ពីមុនលោកធ្លាប់ស៊ីឈ្នួលគេធ្វើមែន តែឥលូវឈប់ហើយ។
បើទោះបីជាមានការអះអាងបែបនេះ ក្ដីក្រុមពលរដ្ឋ នៅតែអះអាងថា លោករ៉ៃ វុទ្ធី មិនបានកាយប្រឡាយអោយធំ ដូចសភាពដើមវិញនោះទេ គឺកាយតែប្រហែលកន្លះម៉ែត្រប៉ុណ្ណោះ ធ្វើរបៀបនេះគឺមិនខុសពីបិទទាំងស្រុងនោះឡើយ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ មេត្តាចុះពិនិត្យ ហើយមានវិធានការផង៕SRP

