ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានថ្លែងព្រមាន ចំពោះបញ្ហាមន្ត្រីដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដែលបង្កឱ្យគាត់មានការថ្នាំងថ្នាក់នឹងរាជរដ្ឋាភិបាល។
លោក ទៀ សីហា បានលើកឡើងថា រាល់បញ្ហាទាំងឡាយដែលនៅសេសសល់មន្ទីរ អង្គភាពមានការពាក់ព័ន្ធត្រូវយកបញ្ហាទាំងនេះទៅអនុវត្ត ដោះស្រាយតាមនីតិវិធី ហេីយរាល់បញ្ហាត្រូវស្វែងរកនូវវិធានការ ក្នុងការសម្របសម្រួល និង ដោះស្រាយរបស់ខ្លួនឱ្យអស់លទ្ធភាព ហេីយត្រូវធ្វើសេចក្តីរាយការណ៍ មករដ្ឋបាលខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព។
លោកទៀ សីហា ក៏បានដាក់នូវវិធានការ និងផ្តល់នូវអនុសាសន៍មួយចំនួន ជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយរាល់វិវាទដល់ប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរក្រុង ស្រុក មានកិច្ចសហការគ្នាជាមួយឃុំ សង្កាត់ ធ្វើពន្យល់ណែនាំដល់ប្រជាពលរដ្ឋ នូវរាល់បញ្ហាដែលបងប្អូនបានលើកឡើងកន្លងមកផងដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលបចេ្ចកទេស លើកឡើងយ៉ាងដូច្នេះ នៅរសៀលថ្ងៃអង្គារនេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប ក្នុងការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ទៅបញ្ហាដែលនៅសេសសល់ រាល់ការឆ្លើយតប និង ដោះស្រាយនូវរាល់សំណួរ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២។
សូមជម្រាបថា កិច្ចប្រជុំនេះក៏បានជម្រុញយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងខេត្តសៀមរាប ព្រមទាំងបានត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយ នូវរាល់សំណួរ និង សំណូមពរ របស់ប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣៕SRP

