សម្ដេចហ៊ុន សែន៖ «គ្មានពេលណាដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ»

0

សម្ដេចហ៊ុន សែន បានបានស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងមូលថា «គ្មានពេលណាដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកល្អជាងពេលនេះទេ»។ អ្វីដែលជាសក្ខីភាពនោះ គឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការរីកចម្រើន ប្រជាជននៅសហរដ្ឋអាមេរិក ប្រើប្រាស់សម្ភារៈផលិតនៅកម្ពុជា ហើយប្រជាជនកម្ពុជា មានការងារធ្វើ នេះហើយ ជាអ្វីដែលយើងនឹងជំរុញបន្តទៅមុខទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ជូនដល់ធុរកិច្ចសហរដ្ឋអាមេរិកទាំងអស់ រួមទាំងក្រុមហ៊ុន ហ្វៃហ្ស៊័រ ក្រុមហ៊ុនហ្វត ក្រុមហ៊ុន Abbott ។ល។ ដែលសុទ្ធសឹងជាក្រុមហ៊ុន ដែលតំណាងឲ្យគុណភាពផងដែរ។

សម្ដេចបញ្ជាក់យ៉ាងដូច្នេះក្នុងឳកាស អញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ម៉ៃឃើល មីឆាឡាក់ ( Michael Michalak) អនុប្រធានជាន់ខ្ពស់ ជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិករួមមានក្រុមហ៊ុន Conoco Phillips , ក្រុមហ៊ុន Ford, ក្រុមហ៊ុន RMA Group ,ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Vriens & Partners នៅរសៀលថ្ងៃអង្គារនេះ។

លោក ម៉ៃឃើល មីឆាឡាក់ បានគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការផ្ដល់ពេលវេលា ដ៏មានតម្លៃទទួលពិភាក្សា ជាមួយគណៈប្រតិភូ ហើយបានសំដែងការអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន ដែលបានបង្កើនទំនាក់ទំនងទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិក លើកគ្រប់វិស័យដូចជាទំនាក់ទំនង សហរដ្ឋអាមេរិក-អាស៊ានជារួម។

លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកលនៅក្នុងខែកក្កដាខាងមុខ។ លោក ម៉ៃឃើល មីឆាឡាក់ បានគោរពជម្រាបជូនសម្ដេចតេជោ ថា គោលបំណងរបស់គណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីសម្ដែងនូវការគាំទ្រដល់ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដោយស្វែងរកមធ្យោបាយ កែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យឧស្សាហកម្ម ដែលរងគ្រោះខ្លាំង លើកកម្ពស់វិស័យឯកជនរបស់ សហរដ្ឋអាមេរិកសម្រាប់ ជាប្រភពសំខាន់នៃការយល់ដឹង ការអនុវត្តល្អបំផុត និងបច្ចេកវិទ្យាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹងឧស្សាហកម្ម ដែលមានស្រាប់ ដោយបណ្ដុះបណ្ដាលតម្លៃបន្ថែមសេវាកម្ម និងឧស្សាហកម្មឲ្យកាន់តែខ្ពស់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង កសាងសមត្ថភាពរួមទាំងការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីភាពជាអ្នកដឹកនាំយុវជន៕SRP