ផ្លូវក្រាលកៅស៊ូ DBST ប្រវែង២៥គីឡូម៉ែត្រ អំណោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបើកការដ្ឋានស្ថាបនាសាងសង់

0

ខេត្តសៀមរាប៖ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២៥ គីឡូម៉ែត្រ ចាប់ពីកំណាត់ ផ្លូវជាតិលេខ៦ ដល់កំណាត់ផ្លូវជាតិលេខ៦៨ ឆ្លងកាត់ចំនួន ០៥ឃុំ រួមមាន ឃុំស្រណាល ឃុំរោងគោ ឃុំស្នួល ឃុំក្រូចគរ និងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋ រស់នៅស្រុកក្រឡាញ់។

ថ្លៃងក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណចំពោះអំណោយដ៍ថ្លៃថ្លា របស់ សម្តេចតេជោ តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អភិបាលខេត្ត បានផ្តល់ជូនផ្លូវ១ ខ្សែនេះជូនប្រជាពលរដ្ឋចំនួន ៥ ឃុំ នៃស្រុកក្រឡាញ់ ដែលផ្លូវមួយខ្សែនេះ នឹងចូលរួមកាត់បន្ថយការលំបាករបស់ ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ បានងាយស្រួល ឆាប់រហ័ស និង ចំណាយតិច ដែលកត្តានេះ នឹងរួមចំណែក លើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយនឹង សមិទ្ធផលនេះ ឯកឧត្តម អ៊ាន ឃុន ក៏បានសូមអំពាវនាវដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ សូមជួយថែរក្សា និងការពារផ្លូវ នេះឱ្យបានល្អ ដោយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ដើម្បីសុវត្ថិភាព និងបញ្ជៀសនូវ ការឆាប់ខូចផ្លូវដោយសារការដឹកជញ្ជូនលើសទំងន់ណាមួយដោយខានតែបាន។

សូមជម្រាបថា ពិធីបើកការដ្ឋាននេះរៀបចំនៅបរិវេណវត្តរតន:មុន្នីរោងគោ ហៅវត្តរោងគោ ស្ថិតនៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ នៅថ្ងៃសៅរ៍ម្សិលមិញ៕SRP