ពលរដ្ឋជាង៦ម៉ឺននាក់ បានចុះចាប់ត្រីបឹងត្រពាំងក្រម យ៉ាងសប្បាយរីករាយ

0

ខេត្តត្បូងឃ្មុំ៖ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមកក្នុងតំបន់ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភ: នេះ បន្ទាប់ពីបងប្អូនប្រជាកសិករបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋ តែងតែធ្វើប្រារព្ធពិធី ចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋប្រមាណជាង៦ម៉ឺននាក់ មកពី ឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ហើយ ក៏បងប្អូនប្រជាពលរដ្ឋមានមកពីខេត្តក្រចេះ  កំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ។

លោក រិន សំអឿន អាយុ៣៧ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បានបញ្ជាក់ឱ្យដឹងថា គាត់មានឧបករណ៍អង្រុតយកមកចុះរុតចាប់ត្រី រាល់ឆ្នាំ ឆ្នាំនេះត្រីសម្បូណ៍ជាងឆ្នាំ២០២០ ដោយទឹកបឹងត្រពាំងនៅច្រើនឆ្នាំនេះមានភ្លៀងច្រើន ហើយយើង ចាប់បានត្រីច្រើន   យកទៅធ្វើម្ហូបជាលក្ខណៈគ្រួសារ យ៉ាងសប្បាយ។

លោកយាយ ស្បោង អ៊ូច ក្នុងវ័យជាង៧៣ឆ្នាំ បានបញ្ជាក់ឱ្យដឹងដែរថា ពីដើមមុននឹងចុះចាប់គេធ្វើពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី សុំឱ្យត្រីដែលមានធ្មុងទាំឡាយ ដូចជាត្រីឆ្លាំង ត្រីអណ្តែង ត្រីកញ្ចុះ ជាដើម សូមឱ្យស្លូតដូចត្រីកំភ្លាញ ធ្វើដូចនេះ ពេលបងប្អូនប្រជាពលរដ្ឋចុះចាប់ត្រីមិនមានបញ្ហាមុតត្រីអ្វីនោះទេ នេះជាទំនៀមបុរាណយើង។

លោក អ៊ូច យឿន មេឃុំជាំក្រវៀន និងជាប្រធានគណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រម បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះជាថ្ងៃនក្ខត្តឫក្សដ៏ល្អត្រចះត្រចង់ ដែលបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីចាប់ត្រីបឹងត្រពាំងក្រមរបស់យើង ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ រយៈពេល៤ថ្ងៃ និង៣យប់ គឺចាប់ពីថ្ងៃទី ១៥.១៦.១៧ និងថ្ងៃទី១៨ ខែកុម្ភ: នេះតែម្តង ។

នៅពីរថ្ងៃដំបូងគឺថ្ងៃទី១៥.១៦ និងថ្ងៃទី១៧ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់់បឹងត្រពាំងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមានៈ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម។ ក្រៅពីដើរទស្សនាកំសាន្តពីប្រវត្តិ និងកេរ្តិ៍ដំណែល យ៉ាងជក់ចិត្ត សប្យាយអឺងកង នាពេលថ្ងៃ និងពេលរាត្រី មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ។ ហើយបន្ទាប់គឺ នៅថ្ងៃទី១៨ ខែកុម្ភ: នេះគឺជាថ្ងៃបងប្អូនប្រជាពលរដ្ឋយើង ប្រមាណជាង៦ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ  ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកប្រារព្ធពិធីចាប់ត្រី នេះដែរ។

លោកមេឃុំបានបញ្ជាក់ទៀតថា បឹងត្រពាំងក្រំមានទំហំ១០០បួនជ្រុង ចំពោះបងប្អូនប្រជាពលរដ្ឋមកចាប់ត្រីនេះគឺ មានឧបករណ៍របៀបបុរាណរួមមានៈ អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប ។ល។ នៅម៉ោងជាង៩ព្រឹកថ្ងៃទី១៨ នេះដែរ គឺបងប្អូននិងនាំគ្នាចុះចាប់ត្រីរួមគ្នាតែម្តង។ ឆ្នាំនេះត្រីមានដូចជា ត្រីរស់ ត្រីឌៀប  ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និងត្រីកំភ្លាញ ។ល។ ហើយ ត្រីមិនសម្បូណ៍ជាងឆ្នាំ២០២០ឆ្ងាយណាស់។ ក្នុង១ឆ្នាំយើងអនុញ្ញាត បើកឱ្យបងប្អូនចាប់បានតែម្តងទេ។ ផុតពីថ្ងៃយើងប្រារព្ធពិធីចាប់ត្រី គឺយើងមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឱ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកនោះទេ ធ្វើបែបនេះ គឺដើម្បីការពារត្រីបឹងធម្មជាតិរបស់យើង៕SRP