លោក ហ៊ុន ម៉ានិត៖ យើងត្រូវរួមគ្នាឆ្លើយតបនឹងតម្រូវការ របស់ពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយភាពទន់ភ្លន់ និងមានគុណធម៌

ខេត្តកំពង់ចាម៖ក្នុងពិធីសម្ពោធឆ្លងមហាសុគុន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតុសិតារាម (ហៅវត្តព្រែកសង្កែ ) ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃចន្ទ នេះ​ លោក ហ៊ុន ម៉ានិត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​ថ្លែង​ថា​ ការងារ​ចំពោះ​មុខ​ មន្ត្រី​ចុះជួយមូលដ្ឋានទាំងអស់ ត្រូវចាប់ដៃជាមួយអាជ្ញាធរ ដើម្បីរួមគ្នាធ្វើការឆ្លើយតប ទៅនឹងតម្រូវការនា របស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយមានតម្លាភាព ភាពទន់ភ្លន់ និងមានគុណធម៌​ផងដែ។

លោក ហ៊ុន ម៉ានិត បានថ្លែងថា គោលការណ៍របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គឺធ្វើយ៉ាងណា ត្រូវបម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ទោះជាយេីងបានធ្វើល្អហើយ​ក្តី​ អ្វីដែលនៅសេសសល់នោះ​ គឺយើងត្រូវការបន្ថែមគុណភាពបន្ថែមទៀត ពោលគឺ​ជំរុញដល់អភិបាលកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យកាន់តែល្អប្រសើរ ប្រសិនជាការគ្រប់គ្រង អភិបាលកិច្ចបានល្អប្រសើរហេីយនោះ មានន័យថា ពេលវេលា ដែលប្រជាពលរដ្ឋគាត់ទទួលសេវាមានប្រសិទ្ធភាព អ្វីដែលសំខាន់នោះ គឺការគិតគូរដល់ផលប្រយោជន៍ របស់ ប្រជាជនជាចំបង។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការ អភិវឌ្ឍន៍ ផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក ពោលគឺ ពុទ្ធបរិស័ទគ្រប់ៗ រូបគ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យ ដើម្បី កសាង សមិទ្ធផលក្នុងទីអារាម ចំណែកឯព្រះសង្ឃ ក៏គ្មានចង្ហាន់គ្រប់គ្រាន់ដែរ ប៉ុន្តែ ដោយសារសន្តិភាព មាននៅក្នុងប្រទេសយើងនេះហើយ ដែលយើងអាចជំរុញ ការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា​ តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យ របស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា ក្រៅពីនេះវិស័យព្រះពុទ្ធសាសនាក៏តែងតែបានចូល រួមជាមួយការងារសង្គម កម្មវិធីមនុស្សធម៌ ទាំងចូលរួមដោយផ្ទាល់ ក៏ដូចជាចូលរួមតាមរយៈអាជ្ញាធរ ខេត្ត ស្រុក និងកាកបាទក្រហមជាដើម។ល។

តាមរយៈតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនា នៅក្នុង សង្គមខ្មែរ ទើបញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និង ចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា បន្តការអភិវឌ្ឍន៍វិស័យពុទ្ធ សាសនាឱ្យបានរីកចំរើន។

ទន្ទឹមនឹងការរីកចំរើនរបស់សង្គមជាតិ ជាក់ស្តែង សំណង់ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត បានរីកដុះដាលនៅតាមទីវត្តអារាមនៅទូទាំងប្រទេស និយាយដោយឡែក វត្តតុសិតារាម ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការទី៣ ព្រះនាមព្រះវិភទ្ទញ្ញាណ មុំ សុខគឿន សុវណ្ណជោតិ រួមនឹងពុទ្ធ បរិស័ទជិតឆ្ងាយ ដែលបានបរិច្ចាគធនធាន ក្នុងការកសាងសមិទ្ធផលនានា ពិសេសសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរួចចំណែកយ៉ាងធំធេងក្នុងកសាងសមិទ្ធផលក្នុងវត្តនេះ។

ចំពោះ​សមិទ្ធិផល ដែលត្រូវឆ្លងនាឱកាសនេះរួមមាន៖ មហាសុគន្ធកុដិ ដោយចំណាយទឹកប្រាក់ចំនួន ៣៤៥.៦៩៨ ដុល្លារ ជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា​ បុត្រី​ និងចៅៗ តាមរយៈ ឯកឧត្តម សេង ទៀង និងលោកជំទាវ, ឯកឧត្ដម ឌី ពៅ និងលោកជំទាវ និងសប្បុរស ជនក្នុង និងក្រៅប្រទេសផងដែរ​៕SRP