លោក អ៊ុន​ ចាន់ដា​៖ វិស័យឯកជន ត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំបូកសរុបការងារចលនាភូមិមួយ ផលិតផលមួយ នៅថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ​២០២៣​ នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ វិស័យឯកជនជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ​។ តាមខ្លឹមសារនៃគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះនៅតាមសហគមន៍ ដែលសកម្មភាពនេះ គឺជាកម្លាំងចលករដ៏សំខាន់ និងមានប្រសិទ្ធភាពក្នុងការចូលរួមចំណែកជួយពន្លឿនសេដ្ឋកិច្ចជាតិផងដែរ​។

អភិបាលខេត្តបាន​ថ្លែង​ថា​ ដើម្បីធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយផលិតផលមួយមានស្ថេរភាព និងរីកចម្រើនបាន ទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់អនុវត្តតាមគោលការណ៍គ្រឹះសំខាន់ ៣គឺ៖

១-គិតជាសកលដោយធ្វើតាមមូលដ្ឋាន​:​ គឺសំដៅទៅលើគំនិតដែលស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ ប្រពៃណីដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយដែល អាចរកទីផ្សារបាន។

២-ការពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិតរស់រវើក:​ មានន័យថាប្រជាជនក្នុងមូលដ្ឋាន អាចសម្រេចចិត្តផលិតនូវផលិតផលនានា ទាំងទំនិញ និងសេវាកម្មសម្រាប់ចលនាភូមិមួយផលិត ផលមួយដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះ ត្រូវមានភារកិច្ចសម្របសម្រួល ផ្នែកបច្ចេកទេសនិងទីផ្សារ។

៣-ជំរុញការអភិវឌ្ឍធនធានមនុស្ស:​ កត្តាជោគជ័យរបស់ភូមិមួយផលិតផលមួយ គឺការអភិវឌ្ឍធនធានមនុស្ស ហើយចលនានេះ នឹងពុំអាចទទួលជោគជ័យបានទេ​ ប្រសិនបើគ្មានការប្រមើលមើលទៅថ្ងៃមុខនូវអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះ ។

អភិបាលខេត្តកំពង់ចាម​ បាន​បញ្ជាក់​ថា​ សម្រាប់ខេត្តកំពង់ចាម ពិតជាមានសក្តានុពល គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹង គោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០២៣នេះ ថ្នាក់ជាតិបានទទួលស្គាល់បញ្ចូលជាសមាជិកចលនាភូមិ មួយផលិតមួយបានចំនួន ៣៥មុខផលិតផលរួចមកហើយ។ ប៉ុន្តែយើងនៅមានផលិតផលដែល មានសក្តានុពលជាច្រើនទៀត​ ដែលនឹងត្រូវជ្រើសរើសចាត់បញ្ចូលជាសមាជិក។ ហេតុដូចនេះហើយ ប្រសិនបើមូលដ្ឋានយើងមានការគិតគូរ ផ្លាស់ប្តូរឥរិយាបទមានឆន្ទៈមោះមុតអនុតវត្តឱ្យបានតាម គោលការណ៍គ្រឹះសំខាន់ទាំង ៣ខាងលើនោះ​ មូលដ្ឋានយើងនឹងទទួលបានផលប្រយោជន៍ជាច្រើនដូចជា៖​ ទីមួយ បានបង្កើនការងារនៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើចំណាកស្រុក។ ទីពីរ បង្កើនបរិមាណផលិតផលក្នុងស្រុក ហើយគុណភាព ត្រូវបានលើកកំពស់ និងទទួលបាននូវការជឿទុកចិត្តផងដែរ​៕SRP