ខេត្តកំពង់ចាម៖ក្រុមគ្រូពេទ្យជនជាតិ បារាំង ESC Team បានចុះមកពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារគរថ្លង់ ចំនួន ១២០នាក់ នៅវិទ្យាល័យពិសេស កំពង់ចាម ខេត្តកំពង់ចាម។
ការចុះពិនិត្យនេះរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
តាមការគូសបញ្ជាក់ របស់លោក កែវ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ក្រុមគ្រូពេទ្យជនជាតិបារាំង ដែលបានអញ្ជើញមកបំពេញបេសកកម្មពិនិត្យព្យាបាល នាពេលនេះ ក្នុងគោលបំណង ដើម្បី ជួយសម្រួលដល់ការស្តាប់ របស់កុមារគរថ្លង់។ ក្រៅពីនោះ ក្រុមគ្រូពេទ្យបារាំង ក៏បានផ្តល់អត្ថប្រយោជន៍ សំខាន់ ចំនួន ៣ ផងដែរ គឺ ៖ ទី១.ពិនិត្យ សម្អាតត្រចៀក។ ទី២. បំពាក់ម៉ាស៊ីន ត្រចៀក និងទី៣.បណ្តុះបណ្តាលជំនាញផ្នែកត្រចៀក ដល់គ្រូជនជាតិខ្មែរផងដែរ។
លោក កែវ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមគ្រូពេទ្យ ជនជាតិបារាំង ដែលបានខិតខំចំណាយពេលវេលា ទាំងកម្លាំងកាយ ចិត្ត ចុះមកពិនិត្យត្រចៀក និងបំពាក់ម៉ាស៊ីនត្រចៀក ដើម្បី ជួយសម្រួលដល់ការស្តាប់ របស់កុមារពិការភ្នែក និងគរថ្លង់ ព្រមទាំង ជួយបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូជាជនខ្មែរ ដើម្បី ទុកជាធនធាន សម្រាប់ជួយដល់កុមារគថ្លង់ បន្តទៅពេលអនាគត ផងដែរ។
បើតាម លោក ហ្សង់ ប៉ូល ជាប្រធានដឹកនាំក្រុមគ្រូពេទ្យជនជាតិបារាំង ផ្នែកពិនិត្យត្រចៀក និងបំពាក់ម៉ាស៊ីនជំនួយ ការស្តាប់ដល់ក្មេងគថ្លង់ ហៅថា ESC បានឱ្យដឹងថា ក្រុមការងាររបស់លោក តែងតែមកជួយរាល់ ២ឆ្នាំម្តង ដើម្បីជួសជុលម៉ាស៊ីនត្រចៀក ឡើងវិញ និងបំពាក់ម៉ាស៊ីនត្រចៀកថ្មី ជំនួយដល់ការស្តាប់។ ក្រៅពីនោះ លោកមកពេលនេះ ក៏ដើម្បី ជួយដល់វិទ្យាល័យអប់រំពិសេសទាំង៥ ក្នុងប្រទេសកម្ពុជា គឺ វិទ្យាល័យពិសេស កំពង់ចាម វិទ្យាល័យពិសេស ច្បារអំពៅ វិទ្យាល័យពិសេស ភ្នំពេញថ្មី វិទ្យាល័យពិសេស បាត់ដំបង និងវិទ្យាល័យពិសេស សៀមរាប។
សូមបញ្ជាក់ថា នាបច្ចុប្បន្ននេះ វិទ្យាល័យពិសេសកំពង់ចាម មានសិស្សសរុប ចំនួន ១៨០នាក់ ក្នុងនោះ សិស្សពិការភ្នែក មានចំនួន ៥២នាក់ សិស្សគថ្លង់ចំនួន ១២៨នាក់៕SRP

