មន្ត្រីទម្លាយអំពើពុករលួយរបស់លោក យូ ចំណាន ប្រធានអង្គភាពលទ្ធកម្ម ក្រសួងអភិវឌ្ឍនជនបទ

អង្គភាពលទ្ធកម្ម (អល) នៃក្រសួងអភិវឌ្ឍន៍ជនបទ គឺជាកន្លែងរៀបចំបំប៉ោងគម្រោង ពីការចំណាយ លុយរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីយកមកចែកផលប្រយោជន៍ គ្នាធ្វើមានបាននៅក្នុងជួរថ្នាក់ដឹកនាំក្រសួងទៅ តាមជំនាញដូចជា អគ្គនាយកហិរញ្ញវត្ថុ ខុទ្ទកាល័យ និងក្រុមហ៊ុន ដែលជាអ្នកផ្តល់លុយជូនក្រុមមន្ត្រីតាមរយៈ ស៊ីមុនសងតាមក្រោយ។

ជាក់ស្តែងបើយើងមើលទៅលើ តារាងសរុបផែនការលទ្ធកម្មប្រចាំ ឆ្នាំ២០២១ គិតត្រឹម តែ១៣គម្រោងក្រុមនេះ បានធ្វើស៊ី ឬលម្អៀងសាច់ប្រាក់អស់រាប់លានដុល្លារ ដោយសារការទិញរបស់របរប្រើ ប្រាស់នៅក្នុងក្រសួងមន្ទីរដាក់លើសតម្លៃទីផ្សារ «មួយគុណនឹងបីឬបួនដង»។

លោក យូ ចំណាន ប្រធានអង្គភាពលទ្ធកម្ម ហៅកាត់ថា «អល» ហើយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានគណៈកម្មាធិការលទ្ធកម្ម។ នៅក្នុងតារាងសរុបផែនការលទ្ធកម្ម សម្រាប់ប្រចាំ ឆ្នាំ២០២១ មាន១៣គម្រោងគឺ អង្គភាពលទ្ធកម្ម បានបំប៉ោងគម្រោងដាក់លើសការចំណាយជាក់ស្ដែង មួយគុណនឹងបីឬបួនដងដើម្បីយកលុយរដ្ឋមកចែកគ្នា។ ក្នុងករណីនេះមានតែសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អេស៊ីយូ (ACU) របស់លោក ឳម យ៉ិនទៀង ប៉ុណ្ណោះទើបកម្ចាត់ក្រុមពុករលួយលួចជាតិនេះបាន។ ខាងក្រោមនេះយើងសូមលើកយកគម្រោងធំៗចំនួន៤ប៉ុណ្ណោះដើម្បីបង្ហាញជូនមិត្តអ្នកអានដូចជា៖
ករណីទី១ ជួសជុល អគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនអស់ថវិកាជិត២០ម៉ឺនដុល្លារ។ ការជួសជុលនេះធ្វើក្នុងរយៈពេល ត្រឹមតែ៣ខែគិតចាប់ពី ខែមីនា ដល់ ខែមិថុនា ឆ្នាំ២០២១។ ក្រុមមន្ត្រីដែលបម្រើការងារនៅក្នុងក្រសួងនេះចាត់ ទុកថា ជាការធ្វើស៊ីឆៅៗដោយពុំបានជួសជុលអ្វីធំដុំឡើយ។

ចំពោះករណីទី២ អង្គភាពលទ្ធកម្ម របស់លោក យូ ចំណាន បានទិញសម្ភារបរិក្ខាមិនមែនព័ត៌មានវិទ្យា អស់ទឹក ប្រាក់ ២,៤៤៣.៧០លានរៀល (ពីរពាន់បួនរយសែសិបបីលានរៀល) បើគិតជាដុល្លារស្មើនឹង៦០ម៉ឺនដុល្លារក្នុង រយៈពេលមួយឆ្នាំដោយចាប់ផ្ដើមទិញរបស់ទាំងនោះពី ខែកុម្ភៈ រហូតដល់ ខែឧសភា ឆ្នាំ២០២១។

ចំណែកករណីទី៣ អង្គភាពលទ្ធកម្ម នេះបានទិញ សម្ភារបរិក្ខាព័ត៌វិទ្យាកុំព្យូទ័រ គិតចាប់ពី ខែកុម្ភៈ រហូតដល់ ខែ ឧសភា ត្រូវចំណាយថវិកាជាតិអស់ជាង១៩ម៉ឺនដុល្លារបើគិតជាប្រាក់ខ្មែរអស់ ចំនួន៧៧១.៨០លានរៀល។ ការទិញសម្ភារទាំងនេះត្រូវបានមន្ត្រីនៅក្នុងក្រសួងនិយាយថា គឺជាការចំណាយដ៏ធំសម្បើមណាស់ ហើយបើទិញ សម្ភារខាងលើប៉ុណ្ណឹងមែននោះមិនដឹងជាយកវាទៅទុកដាក់នៅកន្លែងណាអស់នោះទេ។ រីឯករណីទី៤វិញ គឺការចំណាយ ប្រេងឥន្ធនៈ គិតចាប់ពី ខែមករា រហូតដល់ ខែធ្នូ ឆ្នាំ២០២១ អង្គភាពលទ្ធកម្ម របស់លោក យូ ចំណាន បានបំប៉ោងគម្រោងនៃការចាយវាយថវិកាជាតិដ៏កញ្ជះកញ្ជាយទាំងពីរឆមាស គឺអស់ ទឹកប្រាក់ចំនួន ប្រាំបីរយប្រាំបីលានរៀល ស្មើនឹង២០ម៉ឺនដុល្លារ។

ដោយមានចម្ងល់យ៉ាងខ្លាំងពីការចំណាយ ប្រេងឥន្ធនៈ ដ៏ច្រើននេះធ្វើឱ្យមន្ត្រីបម្រើការនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អង្គភាពសារព័ត៌មាន ថា តើប្រេងឥន្ធនៈដ៏ច្រើនសន្ធឹកសន្ធាប់នេះគេយកទៅចែកឱ្យនរណាប្រើខ្លះបានជាចំណាយច្រើន ម្ល៉េះ ? នេះជាការលើកគម្រោងយកលុយរដ្ឋ ទៅចែកគ្នាចាយលេងទទេៗតែម្ដង។ ក្រុមហ៊ុនដុះស្លែប្រចាំ ក្រសួង អភិវឌ្ឍន៍ជនបទ មានច្រើនក្រុមហ៊ុន ប៉ុន្តែម្ចាស់តែមួយគឺជារបស់ អតីតរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ប្រភពដដែលបានឱ្យដឹងទៀតថា លោក យូ ចំណាន ប្រធានអង្គភាពលទ្ធកម្ម ទើបឡើងកាន់ដំណែងបានពីរឆ្នាំ ជំនួសលោក ងួន តារា ដែលត្រូវបានគេដកចេញ ព្រោះតែល្បីល្បាញខ្លាំងពេក។ អង្គភាពនេះ គឺជាកន្លែងរៀបចំបំប៉ោងគម្រោង នៃការចំណាយថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីយកលុយទៅចែក ផលប្រយោជន៍ គ្នាក្នុងថ្នាក់ដឹកនាំក្រសួងដូចជា អគ្គនាយកហិរញ្ញវត្ថុ នាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងក្រុមហ៊ុនជា អ្នកផ្ដល់ថវិកាជូនពួកគេចាយមុន រួចហើយរដ្ឋទូទាត់សងតាមក្រោយ។ លោក យូ ចំណាន ដូចជាធុំក្លិនស្អុយ រលួយក្នុងបញ្ច្រាសខ្យល់ទៀតហើយ…។ ទាក់ទងនឹង ការដេញថ្លៃផ្គត់ផ្គង់សម្ភារការិយាល័យ ប្រចាំក្រសួងត្រូវប្រភពខាងលើលាតត្រដាងថា ប្រធានអង្គ ភាពលទ្ធកម្ម គឺលោក យូ ចំណាន ជាអ្នករៀបចំឈុតឆាកសំដែងការ «ដេញថ្លៃចងមុង» ព្រោះក្រុមហ៊ុនជា របស់អ្នកធំ ហើយអ្នកចូលទៅដេញថ្លៃក៍ជាបក្ខពួកអ្នកធំនោះដែរ។ ការដាក់ឱ្យដេញថ្លៃពិតប្រាកដគេត្រូវធ្វើសេចក្ដីជូនដំណឹងដាក់ឱ្យដេញថ្លៃយ៉ាងតិច១៥ថ្ងៃទៅ១ខែ។ បន្ទាប់មកគេត្រូវ ចេញសេចក្ដីប្រកាសព័ត៌មាន ហើយ ត្រូវឱ្យក្រុមហ៊ុនដាក់ពាក្យទិញ «ប៊ីត» គឺការបំពេញតារាងតម្លៃឌីអាយឌី (DID)។ បន្ទាប់ពីទិញ «ប៊ីត» បានហើ យគេត្រូវបំពេញតម្លៃដើម្បីដាក់ឱ្យដេញថ្លៃរួចទើបគេឱ្យក្រុមហ៊ុនទាំងនោះចូលទៅដេញថ្លៃ។

ប្រភពបន្តទៀតថា ក្រុមហ៊ុនដែលចូលទៅដេញថ្លៃបានលុះត្រា តែមានលក្ខខណ្ឌគ្រប់គ្រាន់ដូចជា មានបទពិសោ ធន៍ធ្លាប់ធ្វើគម្រោង។ ប៉ុន្តែក្រុមហ៊ុនដែលដេញថ្លៃបានគឺជាក្រុមហ៊ុនដែលលទ្ធកម្ម បានរៀបចំទុកជាមុនរួចហើយ ស្រេច។ រីឯក្រុមហ៊ុនដែលចូលទៅដេញថ្លៃហែហមចោមរោមជាយសបរិវារ ក៏សុទ្ធតែជាក្រុមហ៊ុនដែលជាបុត្រ សម្ព័ន្ធ បានន័យថា «ក្រុមហ៊ុនម្ចាស់តែមួយ»។ រាល់ការដាក់តម្លៃខ្ពស់លើសទីផ្សារសេរីមួយគុណនឹងបីឬបួនដង ក៍ដោយសារក្រុមហ៊ុនជាអ្នកចេញលុយមុន ហើយរដ្ឋទូទាត់សងតាមក្រោយ (ស៊ីមុនសងក្រោយ)។

បុរសម្នាក់ដែលស្គាល់លោក យូ ចំណាន ច្បាស់បានលើកឡើយថា ក្នុងមួយ ខែៗលោក យូ ចំណាន អាចរកលុយបានចាប់ពីប្រាំពាន់ដុល្លារឡើងទៅ ពីការដាក់ឈ្មោះខ្យល់ ចុះបេសកកម្ម តាមបណ្ដាខែត្រដើម្បីត្រួតពិនិត្យគម្រោងនានា ហើយដាក់ឈ្មោះមន្ត្រីតែបក្ខពួកខ្លួន។ នេះនៅមិនទាន់គិតអំពី កម្រៃភាគរយ នៃការបំប៉ោងគម្រោងផ្សេងៗទៀតផង។ ការជួសជុលអគារទីស្ដីការក្រសួងក្នុងរយៈពេលបីខែ នោះប្រភពដដែលចាត់ទុកថា «ជាការរៀបចំធ្វើស៊ីលុយរដ្ឋសុទ្ធសាធ…»។

ជុំវិញករណីនេះ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពី លោកយូ ចំណាន នៅឡើយទេ៕SRP