ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ការចាក់វាក់សាំងកូវីដ-១៩ ដួសជំរុញទី៣ ទី៤ ទី៥ និងដូសទី៦ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។
ការថ្លែងអំណរគុណនេះ បនបន្ទាបពីអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ នៅសាលាខេត្តកំពង់ចាម នៅសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាមថា ដើម្បីបង្កើន ភាពស៊ាំ នៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងធានាការពារ អាយុជីវិតរបស់ប្រជាជន ពីជំងឺមហាប្រល័យកូវីដ-១៩ សម្តេចហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ទី៣, ទី៤, ទី៥ និងដូសទី៦ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបន្ថែមទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ចាម អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣, ទី៤, ទី៥ និងដូសទី៦ ដោយឥតគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលក្រុង-ស្រុក បានកំណត់ និងរៀបចំ ដូចជានៅតាមសាលារៀន វត្តអារាម និងតាមទីតាំងនានាដែលអាជ្ញាធរឃុំ-សង្កាត់ បានកំណត់ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះតទៅ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម សូមក្រើនរំលឹកបងប្អូនដែលអញ្ជើញទៅទទួល ការវ៉ាក់សាំង កូវីដ-១៩ ដូសទី៣, ទី៤, ទី៥ និងដូសទី៦ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល និងប្រកាន់ ខ្ជាប់នូវវិធានការ « ៣ការពារ និង៣កុំ» ព្រមជាមួយគ្នានេះក៏ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា និងអាណាព្យាបាលដែលមានបុត្រធីតាអាយុចាប់ពី ៥ឆ្នាំឡើង សូមមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូស មូលដ្ឋាន ឬដូសជំរុញដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំ ដើម្បីរួមគ្នាបញ្ឈប់ការឆ្លង រីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផងដែរ៕SRP