ឯកឧត្តម ទៀ សីហា ប្រាប់ អភិបាលស្រុកជីក្រែង ថ្មី ដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នាៗ នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព

ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប បានស្នើដល់ អភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃស្រុកជីក្រែង ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះ គឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយ បាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ភូមិ ឃុំ ឲ្យមានភាពធុនទៅនិងវិបត្ត ការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយយើងក៏មិនត្រូវធ្វេសប្រហែស នៃជម្ងឺកូវិដឡើយ គឺ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ស្នើយ៉ាងដូច្នេះក្នុង ពិធីផ្ទេរ​ និងប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកជីក្រែង នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

អភិបាលខេត្តបានលើកឡើងថា​ ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

ក្នុងពិធី ឯកឧត្តម ទៀ សីហា ក៏បានផ្តល់នូវអនុសាសន៍ ៨ចំណុច សម្រាប់រដ្ឋបាលស្រុកជីក្រែង បន្តសហការអនុវត្តឲ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាព តាមផែនការកំណត់ ជាពិសេសត្រូវត្រៀម សហការអនុវត្ត ជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំឱ្យទទួលបានជោគជ័យ និង បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និងពន្លឿនបញ្ចប់ការកាត់ឆ្វៀលដីតំបន់បី របស់អាជ្ញាធរបឹងទន្លេសាប។ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និង ខិតខំពង្រឹងការិយាល័យផែនការ និង គាំទ្រឃុំ និង ទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើការបណ្តុះបណ្តាល មន្រ្តីរាជការសាលាស្រុកឲ្យមានសមត្ថភាព គ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និង ត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

សូមជម្រាបថា លោក បូ ម៉េងទ្រី ពីអភិបាលរងក្រុងសៀមរាប ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលស្រុកជីក្រែង ជំនួសលោក ពៅ ប៊ុនធឿន អតីតអភិបាលស្រុក ដែលត្រូវបានផ្ទេរភារកិច្ច ជាអភិបាលស្រុកអង្គរធំ៕SRP