ភ្នំពេញ៖អ្នកស្រី ទ្រី ដាណា អ្នកជំនួញលក់មាសដ៏ល្បីនៅកម្ពុជាបានបញ្ចេញនូវការប្រតិកម្មតាមរយៈសារ ចំពោះ ក្រុមហ៊ុនទេសចរណ៍ ធូវើដ៍ ត្រាវែល។
ការបង្ហោះសារប្រតិកម្មធ្វើឡើងនៅល្ងាចថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ មិនបានឆ្លើយតបទៅនឹងអ្នកស្រី ទ្រី ដាណា។
តាមរយៈទំព័រផេកផ្លូវការរបស់អ្នកស្រី ទ្រី ដាណា បានសរសេរថា៖ នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។
អ្នកស្រីទ្រី ដាណាបន្តថា ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗ ខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។
អ្នកស្រីបានបន្តថា នៅពេលទំនាក់ទំនងទៅសួរព័ត៌មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៌ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។
អ្នកស្រីបានបន្ថែមថា នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ? ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃសំបុត្រទស្សនាផ្សេងៗ ដែលខ្ញុំត្រូវចេញដោយខ្លួនឯងអស់ខ្ទង់ពាន់ដុល្លារទៀត។ ខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។ នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ។
ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។ ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់!
ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!។
ជុំវិញការលើកឡើងរបស់អ្នកស្រីទ្រី ដាណាយ៉ាងដូច្នេះ រហូតដល់ព្រឹកថ្ងៃសុក្រនេះគេនៅកុំទាន់ឃើញក្រុមហ៊ុន ទេសចរណ៍ ធូវើដ៍ ត្រាវែលចេញលិខិតបំភ្លឺនៅឡើយទេ៕SRP