ខេត្តកែប៖មន្ត្រីនគរបាលជាន់ខ្ពស់ ខេត្តកែប បានប្រាប់អ្នកសារព័ត៌មាន ថា ពេលនេះសមត្ថកិច្ច កំពុងស្វែង រកចាប់ខ្លួនអតីតអភិបាលរងខេត្តកែបគឺលោក ភូ លិ ពាក់ព័ន្ធករណីអំពើហិង្សានិងបៀតបៀនកេរ្តិ៍ខ្មាស់លើស្ត្រី២រូបនៅក្នុងកម្មវិធីជប់លៀងមួយ។
ស្នងការរងនគរបាលខេត្តកែបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ប៉ូង សុខេង បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ ពេលនេះកម្លាំងនគរបាល កំពុងស៊ើបស្វែងរក អតីតអភិបាលរងខេត្តកែបដែលបានប្រើអំពើហិង្សាធ្ងន់ធ្ងរ និងបៀតបៀនកេរ្តិ៍ខ្មាសទៅលើស្ត្រីខ្មែរជាមន្ត្រីសាខាពន្ធដារខេត្តកែប។
អំពើហិង្សារបស់លោក ភូ លិ បណ្តាល ឲ្យស្រ្តីជាប្រធានការិយាល័យនៃសាខាពន្ធដារខេត្តកែប ត្រូវរបួសធ្ងន់ធ្ងរ ហើយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ ត្រូវគ្រូពេទ្យដេររបួសដល់ទៅ១៦ថ្នេរ។ ចំណែកឯស្រ្តីជាមន្រ្តីពន្ធដារម្នាក់ទៀត ក៏រងការបៀតបៀនពីលោក ភូ លិ ដែរ។ នេះបើតាមព័ត៌មានក្នុងញត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។
អំពើហិង្សានេះកើតឡើងក្នុងពិធីជប់លៀងឡើងតំ ណែងប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តកែបកាលពីយប់ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២២។
ប្រភពពីមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋនៅខេត្តកែប រងចាំមើលឃើញថា ប្រសិនបើសមត្ថកិច្ចមិនដុតដៃដុតជើងឲ្យខ្លាំងក្លាទេនោះ លោក ភូ លិ អាចនឹងរួចផុតពីសំណាញ់ច្បាប់នៅគ្រាដែលប្រជាពលរដ្ឋ រិះគន់ទង្វើរបស់លោក ក្នុងនាមជាអ្នកដឹកនាំខេត្តមួយរូបប៉ុន្តែអត្តចរិតមិនថ្លៃថ្នូរ។
សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សម្រេចបញ្ចប់មុខតំណែង លោក ភូ លិ ចេញពីអភិបាលរងខេត្តកែប ក្រោយមានហេតុការណ៍នេះកើតឡើង៕SRP