ខេត្តបាត់ដំបង៖ក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា៖ ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ៖
១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
២- រៀបចំធនធានមនុស្សឱ្យស្របនឹងសមត្ថភាពជំនាញ និងនិស្ស័យ
៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
៤- ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។ ម្យ៉ាងវិញទៀត ក៏ដើម្បីប្តូរបរិយាកាសការងារ បង្កើនសមត្ថភាពតាមរយៈការសិក្សារៀនសូត្រ។
លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិ ៤យ៉ាងគឺ៖
១- សុខភាពល្អ កាយសប្បទាមាំមួន
២- មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ
៣- មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ គម្រូ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន
៤- ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។
ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល ចំនួន ៣គឺ៖
១- ការងារគ្រប់គ្រង
– ការគ្រប់គ្រងមនុស្ស ត្រូវយល់ដឹងនិងអនុវត្ត ៧ចំណុច ដូចខាងក្រោម៖
ក- ហូប
ខ- ស្លៀកពាក់
គ- ស្នាក់នៅ
ឃ- សុខភាព
ង- អប់រំ រៀនសូត្រ
ច- មធ្យោបាយធ្វើដំណើរ
ឆ- កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក
– ការងារ ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់
– ការងារ គ្រប់គ្រងអចលនទ្រព្យ
– ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព
២- ការងារកសាងអង្គភាព
– ទីកន្លែងធ្វើការងារ (អគារ,ការិយាល័យ និងកន្លែងធ្វើការងារ)
– ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ
– ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព
៣- ការងារដឹកនាំ គ្រប់គ្រង បញ្ជា
អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច។ ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចខាងលើ ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកទាំង ៤ឃ្លា ដូចខាងក្រោម៖
1) ចំពោះប្រទេសជាតិ ត្រូវតែការពារ
2) ចំពោះប្រជា ត្រូវតែបម្រើ
3) ច្បាប់ ត្រូវតែគោរព
4) បទល្មើស ត្រូវតែបង្ក្រាប
សូមបញ្ជាក់ថា៖ បុគ្គលិកគឺមានចំនួនដដែល ថវិកាក៏មានចំនួនដដែល ឱកាសគឺ ៥ឆ្នាំ បើធ្វើបានល្អ បន្ថែម ៥ឆ្នាំបន្ត ប៉ុន្តែ រយៈពេល ២ឆ្នាំកន្លះ នឹងត្រូវធ្វើការត្រួតពិនិត្យ-វាយតម្លៃ បើគ្មានការវិវឌ្ឍជឿនលឿនថ្មី តាមការចង្អុលបង្ហាញដូចដែលបានរៀបរាប់ខាងលើទេ ត្រូវធ្វើការពិនិត្យ-វាយតម្លៃ ដើម្បីផ្លាស់ប្តូរ រកអ្នកមានសមត្ថភាព និងលក្ខណៈសម្បត្តិដូចបានលើកឡើងខាងលើ។ ក្នុងការអនុវត្តតួនាទី ភារកិច្ច ត្រូវប្រកាន់ខ្ជាប់ការគោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស រីឯការអនុវត្តតួនាទី ភារកិច្ចផ្នែកនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់លើផ្នែកនីតិវិធី។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា៖ ខ្ញុំសង្ឃឹមជឿជាក់ លើស្មារតីទទួលខុសត្រូវរបស់អស់លោក តាមតួនាទី ភារកិច្ច រៀងៗខ្លួន។
១- ខ្ញុំសូមប្រគល់ជូនឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ជួយគាំទ្រ ដឹកនាំចង្អុលការតាមភារកិច្ចជាក់ស្តែង
២- ខ្ញុំសូមប្រគល់ជូនឯកឧត្តម ប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា ដឹកនាំសម្របសម្រួលកិច្ចការនគរបាលយុត្តិធម៌ ដោយមានការទទួលខុសត្រូវ
៣- ខ្ញុំសូមប្រគល់ជូនប្រជាជន តាមដាននូវការអនុវត្តការអនុវត្តន៍តួនាទី ភារកិច្ច និងវិន័យកងរាជអាវុធហត្ថ និងរួមគ្នាគោរពច្បាប់ ដើម្បីកសាងកម្ពុជាជា ព្រះរាជាណាចក្រនីតិរដ្ឋ
៤- ខ្ញុំសូមអំពាវនាវប្រព័ន្ធផ្សព្វផ្សាយ ជួយតាមដានការអនុវត្តន៍តួនាទី ភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថ ផ្តល់នូវរាល់ព័ត៌មានពិត ដើម្បីចូលរួមកសាង កងរាជអាវុធហត្ថមួយឱ្យក្លាយទៅជាកម្លាំងរបស់ជាតិ ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។
សូមជម្រាបថាលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ត្រូវបានផ្លាស់ប្តូរមុខតំណែងជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ និងតែងតាំង លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ជំនួសវិញ៕SRP