ធ្លាយរឿងភាពមិនប្រក្រតី របស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ហង្ស​ សាវ៉ន ត្រូវប៉ាន់ជាងឆ្នាំមុនៗ

ខេត្តកែប៖មានការបែកធ្លាយព័ត៌មានថា លោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នៅឆ្នាំ២០២២ នេះ បានទទួលលុយចំណេញមួយផ្នែកធំពីការចំណាយថវិកាជាតិ (826 000 000)រៀល សម្រាប់ថែទាំជួសជុល បន្តិចបន្តិច លើផ្លូវចំនួន០៣ ខ្សែ ដោយក្រាលល្បាយថ្មភ្នំ ប្រវែង ១០៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងសាងសងលូប្រអប់១កន្លែង។

រួមមាន៖ ទី១ ផ្លូវពីផ្លូវជាតិលេខ៣៣ (ចិរយាវង្ស) ដំណាក់ចំបក់ សង្កាត់អូរក្រសារ ៥ ៥០០ម
ទី២ ផ្លូវព្រែកក្រសារ (ផ្លូវជាតិលេខ៣៣) ផ្សារសេះសរ (ផ្លូវជាតិលេខ៣៣អា) ប្រវែង២៦០០ម និងសង់លូប្រអប់មុខ២ ទី៣ ផ្លូវពីផ្លូវជាតិលេខ៣៣ អង្គភ្នំតូច (ផ្លូវជាតិលេខ៣៣អា) សង្កាត់ព្រៃធំ ប្រែង២៤០០ម ដែលកន្លែងខួចតិចតួច ឬ ឈួសពង្រាប់ដីអោយស្មើនេះ បានផ្ដល់អោយ លោកប្រធានមន្ទីររូបនេះ ចំណេញប្រាក់លើស ពី៨០ភាគរយនៃថវិកា ដែលក្រសួងផ្ដល់អោយ (826 000 000រៀល) ប៉ុន្តែចំនួនចំណេញ និងការចំណាយ គឺជារឿងលាក់ការបំផុតរបស់លោកប្រធានមន្ទីរ។

យោងតាមប្រភពពីខេត្តកែប បានប្រាប់ថា នៅឆ្នាំ២០២២ នេះ លោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ពិតជាសប្បាយបិទម៉ាត់មិនជិត ព្រោះថា នៅសុខៗ ត្រូវរដ្ឋបាលខេត្តកែប បានប្រគល់កិច្ចជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ដើម្បីអនុវត្តន៏ការងាររៀបខឿនច្រាំងសមុទ្រ អំពីថ្មភ្នំកម្ពស់ ៦ម៉ែត្រ តាមបណ្ដោយឆ្នេរប្រវែង ៧៥ម៉ែត្រ ទទឹងឆ្នេរ (ចាក់ចូលសមុទ្រ) ប្រវែង៩០ម៉ែត្រ មានខឿនប្រវែង១៦៥ម៉ែត្រ ជណ្ដើរទល់ច្រាំង ចំនួន៥កន្លែង និងចាក់ខ្សាច់ ពង្រីងតាមបណ្ដោឆ្នេរ កម្ពស់៥ម៉ែត្រ ស្ថិតនៅទល់មុខសាលាខេត្តកែប បន្ដពីរូបសំណាកយាយ ម៉ៅទៅដល់រូបសំណាកក្ដាម ជូនរដ្ឋបាលខេត្តកែប ក្នុងតម្លៃ4 989 000 000រៀល ស្មើនិង1លានម្លៃបួនមុឺនដុល្លាអាមេរិក។

តាមសភាពជាក់ស្ដែង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប  គ្មានសមត្ថភាពបំពេញការងារនេះ បានទេ ដោយគ្មានអ្នកជំនាញ រួមនិងសម្ភារ ដូច្នេះមានយកកិច្ចសន្យានេះទៅបន្តអោយ ក្រុមហ៊ុនផ្សេង ដែលផ្ទុយពីការលិខិតទទួលស្គាល់កិច្ចសន្យា លេខ ១០៩៩៣ សហវ .អលសា ចុះថ្ងៃទី ១៨/១១ /២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថ ដែលបានហាមឃាត់ ថា ប្រសិនបើមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប គ្មានលទ្ធភាពក្នុងការអនុវត្តន៏ការងារនេះទេ ហាមដាច់ខាតមិនអោយយកបន្តទៅក្រុមហ៊ុន ឬអង្ភភាពផ្សេងអនុវត្តន៏ ដោយគ្មានការយល់ព្រមជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុនោះឡើយ។

ករណី សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកទេសរដ្ឋមន្ត្រី ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក អ៊ុក រ៉ាប៊ុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ រួមនិងលោកជំទាវ អគ្គសវនក នៃអាជ្ញាធជាតិសវនកម្ម មេត្តាពិនិត្យស្រាវជ្រាវ និងចាត់ការផង។

ជុំវិញការបែកធ្លាយនេះ សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទាក់ទង៕SRP