អភិបាលខេត្តកំពង់ចាម បបញ្ជាឲ្យអ្នកទទួលគម្រោង ធ្វើការជួសជុលផ្លូវឡើងវិញ

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់បញ្ជាផ្ទាល់ ដោយតម្រូវឱ្យក្រុមការងារអ្នកទទួលការគម្រោង ចាប់ផ្ដើមជួសជុលផ្លូវឡើងវិញ ឲ្យរួចរាល់នៅក្នុងខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។

ការបញ្ជានៅថ្ងៃពុធនេះ ក្នុងឳកាសលោកចុះពិនិត្យស្ថានភាពជាក់ស្ដែង នូវចំណុចផ្លូវបេតុង ដែលរងផលប៉ះពាល់បាក់ស្រុត ខូចខាតដោយសារទឹកជំនន់ ស្ថិតនៅក្នុងឃុំពាមប្រធ្នោះ និងឃុំល្វេ ក្នុងស្រុកកោះសូទិន។

បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា ផ្លូវបេតុងស្ថិតនៅក្នុងឃុំទាំងពីរ ខាងលើ បានស្ថាបនារួចរាល់ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ ប៉ុន្តែដោយសារជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានធ្វើឲ្យមានការបាក់ស្រុតដី និងប៉ះពាល់ដល់ផ្លូវបេតុង ប្រវែងសរុបប្រមាណជាង ២០០ម៉ែត្រ។ ដោយក្នុងនោះ ភូមិព្រែកចង្ក្រាន ក្នុងឃុំល្វេប៉ះពាល់៣ន្លែង ជាង១០០ម៉ែត្រ និងនៅភូមិមហាលាភ ក្នុងឃុំពាមប្រធ្នោះរងផលប៉ះពាល់ផ្លូវជាង១០០ម៉ែត្រ ផងដែរ។

សូមបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ មានប្រវែងជាង ១៤Km ជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយតភ្ជាប់ ចាប់ពីឃុំពាមប្រធ្នោះ មកដល់ឃុំល្វេ ឆ្លងកាត់ភូមិចំនួន ១១ រួមមាន៖ ភូមិមហាលាភ, ដំណាក់ស្វាយ, រកាកោង, ព្រែកគល់, ទំពូង, បទស្រីទន្ទឹង, បំបែងចេះ, ល្វេលើ,ល្វក្រោម, ព្រែកតាកែវ និងភូមិព្រែកចង្រ្កាន ស្ថិតក្នុងឃុំ ពាមប្រធ្នោះ និងឃុំល្វេ ស្រុកកោះសូទិន៕SRP