ចំណាយលុយ ជាង ២២លានដុល្លារ គ្រោងសាងសង់ប្រព័ន្ធលូ​ និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៅក្រុងកំពង់ចាម​

ខេត្តកំពង់ចាម៖អាជ្ញាធររដ្ឋនឹងចំណាយថវិកា ប្រមាណជាង ២២លានដុល្លារ សម្រាប់គ្រោងសាងសង់ប្រព័ន្ធលូ​ និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៅក្រុងកំពង់ចាម​។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្ងៃចន្ទម្សិលមិញ បានដឹកនាំកិច្ចប្រជុំពិភាក្សា​ កាងារ​សាងសង់​​ប្រព័ន្ធលូ​ និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៅក្រុងកំពង់ចាម​ ក្នុង​រង្វង់ទឹកប្រាក់​ប្រមាណ​​ជាង ២២លានដុល្លារអាមេរិក ​ដែល​នឹង​បេីក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខនេះ។

បើតាម លោក ហូ រដ្ឋា មន្ត្រីក្រុមប្រឹក្សាបច្ចេកទេស បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម គឺបែងចែកជាតំបន់ ដែលត្រូវប្រមូលទឹកកខ្វក់ ចេញពីផ្ទះប្រជាពលរដ្ឋ និងតំបន់អាគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយចំនួន ដើម្បី ចម្រោះទឹកស្អុយ ដែលអាចយកមកប្រើប្រាស់ស្រោចស្របបាន ដូចទឹកធម្មជាតិដែរ ដែលផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជា ទីក្រុងកំពង់ចាម ទាំងមូល នាពេលស្ថានីយ៍ចម្រោះទឹកកខ្វក់នេះ បានសាងសង់រួចនោះ។ ទោះជាយ៉ាងណា ក្នុងដំណើរការសាងសង់ អាចមានផលប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋខ្លះៗ ដែលតម្រូវឲ្យមានការសម្របសម្រួល ពីអាជ្ញាធរ ដើម្បី ប្រជាពលរដ្ឋ សហការ ជាមួយនឹងក្រុមការងារ ក្នុងន័យឲ្យគម្រោង ដំណើរការសាងសង់ បានទៅដោយរលូនទៅមុខ។

ដោយឡែក លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបរិច្ឆេទច្បាស់លាស់ នៃដំណើរការសាងសង់ប្រព័ន្ធ ចម្រោះទឹកក្រខ្វក់នេះ ត្រូវរងចាំ សម្ដេចហ៊ុន​ សែន រៀបចំពិធី ដើម្បី ប្រកាសដាក់ឲ្យដំណើរការ។ ប៉ុន្តែ សូមឲ្យរដ្ឋបាលខេត្តកំពង់ចាម ត្រៀមជាស្រេច ដើម្បី ចាប់ផ្ដើមដំណើរការផងដែរ។

រដ្ឋលេខាធិការ រូបនេះ ក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្តកំពង់ចាម សូមឱ្យត្រៀមរៀបចំធនធានមនុស្ស ទុកជាស្រេច ដើម្បី ចូលទៅគ្រប់គ្រងសមិទ្ធផល នាពេលគម្រោងដំណើរការរួចរាល់ ជាស្ថាពរនោះ។ ពីព្រោះបញ្ហានេះ បានកើតមានឡើង នៅតាមបណ្ដាខេត្តផ្សេងៗ ដែលក្រោយពេលទទួលសមិទ្ធផលហើយ បានជួបបញ្ហា រៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង៕SRP