ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប៖ វេទិកានេះ ដើម្បីលើកទឹកចិត្ត ដល់ពលរដ្ឋ អាចលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរ ដោយផ្ទាល់មាត់

ខេត្តសៀមរាប៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ សម្រាប់ស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ថ្ងៃអង្គារនេះ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា៖ នេះជា​ការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ អាចលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឲ្យបានច្រើន តាមរយៈការលើកឡើងផ្ទាល់មាត់ និងការសរសេរ ដើម្បីឲ្យក្រុមការងារ ប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ទាំងនោះ មកធ្វើការស្រាយបំភ្លឺ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

លោក អ៊ាន ឃុន បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន ជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈម ដែលត្រូវដោះស្រាយ បន្ត នឹងទទួលសំណួរ សំណូមពរ របស់ ប្រជាពលរដ្ឋ ដែលមានបញ្ហា និងក្ដីកង្វល់ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ ក្នុងការបង្កើនភាពជិតស្និត រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដែលជាការផ្ដល់សេវាសាធារណៈ នានាជូនពលរដ្ឋ ក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។

លោក អ៊ាន ឃុន បានគូសបញ្ជាក់ថាវេទិកាសាធារណៈនេះ ពិតជាមានសារៈ សំខាន់ណាស់ ក្នុងការជួយជំរុញដល់ដល់ការអនុវត្ត មុខងាររបស់អ្នកពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ គុណភាពជីវិត កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាប ទាំងមូល។

សូមជម្រាបថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់
ទៅព្រឹកមិញនេះ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរ ផ្ទាល់មាត់ចំនួន​ ១១ ដោយផ្តោតទៅលើបញ្ហាបរិស្ថាន , ព្រៃសហគមន៍ , គម្រកព្រៃឈើ , ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ , តម្លៃកសិផល (លើសត្វជ្រូក មាន់ទាក្នុងស្រុក) តម្លៃប្រើប្រាស់អគ្គិសនី , អគារសិក្សា , កង្វះ គ្រូបង្រៀន និង ករណីអាជីវកម្មបូមខ្សាច់ ម្យ៉ាងទៀត ក្រុមការងារទទួលបានសំណួរ​ សំណូមពរជាលាយល័ក្ខអក្សរ មាន៣៣សំណួរ សំណូមពរដែលនឹងជូនដំណឹងនៅពេលក្រោយផងដែរ។

វេទិកាក៏បានធ្វេីការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលប្រកបមុខរបរ កសិកម្មដូចជាចិញ្ចឹមមាន់​ ចិញ្ចឹមសត្វផ្សេងៗ ត្រូវអនុញ្ញាតឲ្យប្រើប្រាស់ នៅពេលយប់ (ចាប់ពីម៉ោង២១ដល់ម៉ោង៦ព្រឹក មានតម្លៃ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង )៕SRP