ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ករណីលួចម៉ូតូ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ករណីលួចម៉ូតូ

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនករណីលួចម៉ូតូ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩:០០នាទី នៅចំណុចវាលស្រែប្រឡាយថ្មី ស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប របស់ជនរងគ្រោះឈ្មោះ យឿន ពា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម ដោយកម្លាំងផ្នែកព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ចាស់ និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម។

ជនសង្ស័យឈ្មោះ ភឹម ថៃ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងលំនៅដ្ឋានបច្ចុប្បន្ននៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថាករណីនេះដកហូតវត្ថុតាង ម៉ូតូ១ គ្រឿង នឹងប្រគល់ជូនជនរងគ្រោះវិញ នឹងបញ្ជូនខ្លួនជនសង្ស័យទៅជំនាញដើម្បីបន្តនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការនេះ តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត ដឹកនាំជំនាញ ដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប៕SRP