ក្នុង១ថ្ងៃៗ ភ្ញៀវបរទេស ចូលខេត្តសៀមរាប រាប់ពាន់នាក់

ខេត្តសៀមរាប៖ភ្ញៀវទេសចរអន្តរជាតិ ហោះហើរពីបរទេស ចូលក្នុងខេត្តសៀមរាប មានចាប់ពី១៦-១៦ជើង ក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរ មកជាមួយចាប់ពី១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។

ការដែលអន្តរជាតិ មកកំសាន្តក្នុងខេត្តសៀមរាប បន្ទាប់ពីកម្ពុជា បានបើកប្រទេស ទទួលទេសចរអន្តរជាតិឡើងវិញ ពិសេសនៅរយៈពេល១០ខែឆ្នាំ២០២២ ខេត្តសៀមរាបចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ។

គួរជម្រាបថា ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាប ទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា «ចំពោះជើងហោះហើរមកកាន់ខេត្តសៀមរាបមាន១៥-១៦ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណ១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ»។

មន្ទីរទេសចរណ៍បានបន្តថា ចំពោះការធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ។

បើតាមក្រសួងទេសចរណ៍ រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕SRP