ខេត្តកំពង់ចាម៖បេក្ខជនជាង ៨ពាន់នាក់បាន
ចូលរួមប្រឡង នៅថ្ងៃចន្ទនេះ។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង នៅវិទ្យាល័ ព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
លោក អ៊ុន ចាន់ដា បានជូនពរដល់បេក្ខជនទាំងអស់ ឲ្យទទួលបានលទ្ធផលល្អ គឺប្រឡងជាប់និងជោគជ័យ ដោយកុំមានការភ័យខ្លាចអ្វីឡើយ ត្រូវតាំងអារម្មណ៍ធម្មតាឲ្យដូចពេលកំពុងសិក្សានាពេលកន្លងមក គិតតែពីខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ និងដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ ហេីយបន្តទៅរៀននៅមហាវិទ្យាល័យ បន្ថែមទៀត ដោយមានកងកម្លាំងសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានការពារខាងសន្តិសុខ និងសុវត្ថិភាព ជូនដល់បេក្ខជន និងសិស្សដែលបានមកប្រលងផងដែរ។
យោងតាមរបាយការណ៍ របស់ លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នេះ ខាងមន្ទីរបានរៀបចំជ្រេីសរេីសមណ្ឌលប្រឡងចំនួន១៤មណ្ឌល ក្នុងនោះបែងចែកជា២ផ្នែក ៖ ផ្នែកវិទ្យាសាស្ត្រសង្គម ៩មណ្ឌល និងផ្នែកវិទ្យាសាស្ត្រ៥មណ្ឌល ក្នុងនោះបេក្ខជនសរុបទូទាំងខេត្តដែលបានដាក់ពាក្យប្រឡងមានចំនួន ៨៤០៤នាក់។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ឆ្នាំនេះបេីតាមការគ្រោងទុកនោះ ខាងមន្ទីរ បានជ្រេីសរេីសយកមណ្ឌលក្នុងស្រុកកំពង់សៀម ២មណ្ឌល មានអនុវិទ្យាល័យអង្គរ និងវិទ្យាល័យសម្តេចជួនណាត ហេីយជ្រេីសយកមណ្ឌលស្រុកជេីងព្រៃមាន៖ វិទ្យាល័យ ហ៊ុនសែនស្គន់ និងសាលាសាលាបឋមសិក្សា ហ៊ុនសែនស្គន់ ដោយឡែកនៅក្នុងក្រុងកំពង់ចាមមានចំនួន ៩មណ្ឌល ផងដែរ៕SRP