ខេត្តសៀមរាប៖បុរសលួចរថយន្តនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយគេចខ្លួនមកជាប់អន្ទាក់ របស់ចរាចរណ៍ នៅរង្វង់មូលព្រះរាជដំណាក់។
មន្ត្រីជំនាញបានប្រាប់សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ការឃាត់ខ្លួននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ចំណុចរង្វង់មូលព្រះរាជដំណាក់ ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ឌុក វាសនា អាយុ៣៣ឆ្នាំ នៅភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តដែលលួច ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4414 ប្រភេទ ដឹកទំនិញធុនធំ នៅលើរថយន្តនោះមានដឹក កន្ទក់ចំនួន ១០តោន ដែលមានម្ចាស់រថយន្តឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ម្ចាស់រថយន្តបានប្រាប់មន្ត្រីជំនាញថា មុនពេលកើតហេតុ វេលាម៉ោង១១ យប់ ថ្ងៃទី០២ ខែធ្នូ លោកបានយករថយន្ត ទៅចតទុកនៅចំណុចមុខ ហាងបាយម្ដាយនៅភូមិរំដួល ប៉ែកខាងលិចភូមិ គ្មានរបង នៅជាប់ផ្លូវជាតិ លេខ៦ រួចទៅដេក ដោយមិនបានដកសោ កុងតាក់ នោះទេ លុះព្រឹកថ្ងៃទី០៣ ខែធ្នូ ក្រោកមកមើលស្រាប់តែបាត់រថយន្ត រួចក៏ប្តឹងនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍តែម្ដង។
សូមបញ្ជាក់ថាករណីនេះ ត្រូវបាននគរបាលខេត្តសៀមរាប ប្រគល់ឲ្យនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី៕SRP