ខេត្តកោះកុង៖លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យកសិករពង្រីកការចិញ្ចឹមត្រី ឱ្យបានកាន់តែច្រើនថែមទៀត ហើយរដ្ឋបាលជលផល គួរសិក្សាពីលទ្ធភាពយកពូជត្រីពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅខេត្តព្រះសីហនុមកបំប៉ននៅកសិដ្ឋាននេះ។
លោកក៏បានណែនាំមន្រ្តីជំនាញឱ្យបន្តគាំទ្របច្ចេកទេស និងធ្វើផលិតកម្មតាមតម្រូវការទីផ្សារដើម្បីផ្សព្វផ្សាយពូជត្រីក្នុងស្រុក និងលក់ចែកចាយដល់អ្នកចិញ្ចឹមត្រីផ្សេងទៀតផងដែរ។
លោក បញ្ជាក់បែបនេះ ក្នុងឱកាស បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃសៅរ៍ ម្សិលមិញ។
បើតាមលោក ឆេង ឈុន និងជាប្រធានបណ្តុំអាជីវកម្ម នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានអនុវត្តការចិញ្ចឹមត្រីក្នុងបែ និងស្រះតាំងពីឆ្នាំ២០០២ មក ហើយបច្ចុប្បន្ន លោកទទួលបានការគាំទ្រ បន្ថែមពីកម្មវិធីASPIRE បានធ្វើឲ្យអាជីវកម្មរបស់គាត់កាន់តែរីកចម្រើនបន្ថែមទៀត៕SRP