ព្រៃកោងកាង ជាច្រើនហិកតា នៅក្រុងកែប កំពុងរងការទន្ទ្រានកាន់កាប់ដោយឈ្មួញ

ខេត្តកែប៖ប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប បានឲ្យដឹងថា ដីព្រៃកោងកាង និងព្រៃលិចទឹក ជាជម្រកត្រីពង នៅចំណុចខាងលើនេះ ច្រើនហិកតា ត្រូវអ្នកមានលុយ ម្នាក់ធ្វើសកម្មភាព ទន្ទ្រានកាន់កាប់មិនទាន់ដឹងថា មានច្បាប់ឬអត់ច្បាប់យ៉ាងណានោះទេ។ ប៉ុន្តែនេះ មន្ត្រីអាជ្ញាធរ សង្កាត់អូក្រសារ ក៏ដូចជាមន្ត្រីអាជ្ញាធរ ក្រុងកែប ព្រមទាំងប្រធាន មន្ទីរកសិកម្មនៅខេត្តកែប នៅមិនទាន់ចាត់វិធានការទៅលើ​ក្រុមអ្នកធ្វើសកម្មភាព ទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ដីព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ នៅតំបន់ខាងលើនៅឡើយទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋលើកឡើងថា សង្ស័យមានការឃុបឃិតជាប្រព័ន្ធទើបសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាង នៅសង្កាត់អូរក្រសារ ក្រុងកែប  អាចប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានការទប់ស្កាត់បែបនេះ។

ករណីនេះប្រជាពលរដ្ឋក្នុងសង្កាត់ អូរក្រសាបានអំពាវនាវឲ្យ អភិបាលខេត្តកែប ព្រមទាំងប្រធានមន្ទីរពាក់ ព័ន្ធក្នុងខេត្តកែប មេត្តាចាត់វិធានការទប់ស្កាត់ សកម្មភាពទន្ទ្រាន កាន់កាប់ដីព្រៃកោងកាង និងព្រៃលិចទឹក តាមតាមដងព្រែក  ជាបន្ទាន់ប្រកបដោយប្រសិទ្ធភាពពិតប្រាកដ។ ដោយហេតុថា​ មួយរយៈកន្លងទៅនេះ ដីព្រៃកោងកាង និងព្រៃលិចទឹកជាច្រើនហិកតា​ ត្រូវវិនាសហិនហោចស្ទើរអស់ហើយ បែជាលោកចៅសង្កាត់ អូរ ក្រសារ និង លោកអភិបាលក្រុង បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។

ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការរស់នៅខេត្តកែប សូមសំណូមពរទៅដល់ លោក ឌិតទីណា រដ្ឋម ន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយដាក់មន្ត្រីចុះ មកស៊ើបអង្កេត បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹក នៅចំណុចភូមិឃុំខាង លើនេះផង៕SRP