ខេត្តព្រះវិហារ៖អ្នកសារព័ត៌មានចំនួន៣នាក់ ត្រូវបាន នគរបាលខេត្តព្រះវិហារ ឃាត់ខ្លួននៅក្នុងបន្ទប់ KTV ViP 2 យីហោ«ភោជនីយដ្ឋានផ្កាយព្រឹក2» ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២២។
ការឃាត់ខ្លួនធ្វើឡើង តាមបណ្តឹងរបស់ឈ្មោះ សាត ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិពោបាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។
តាមប្រភពច្បាស់ការណ៍បានអ្នកសារព័ត៌មាន ថ្ងៃព្រហស្បតិ៍ នេះថា ដើមចោទក្នុងបណ្ដឹងមួយនេះ គឺតំណាងឱ្យ ក្រុមហ៊ុន ”ភីអិនធី PNT”។
ប្រភពបានបន្តថា នៅមុនពេលឃាត់ខ្លួន ក្រុមអ្នកសារព័ត៌មាន គ្នា៤នាក់ បានជិះរថយន្ត១គ្រឿង ចុះទៅយកព័ត៌មាន ជុំវិញភាពមិនប្រក្រតី របស់ក្រុមហ៊ុន ”ភីអិនធី PNT” ដែលមានការសង្ស័យប្រមូលទិញឈើ ពីពលរដ្ឋដោយខុសច្បាប់ នៅស្រុករវៀង ខេត្តព្រះវិហារ។
ករណីខាងនេះ តំណាងក្រុមហ៊ុន ក៏បានសម្រួលឱ្យប្រាក់ទៅក្រុមអ្នកព័ត៌មាន ចំនួន៥០០ដុល្លារ ជាថ្នូរនិងបិទព័ត៌មាន កុំឱ្យផ្សាយ រាល់សកម្មភាពទិញឈើខុសច្បាប់របស់ក្រុមហ៊ុន ប៉ុន្តែអ្នកព័ត៌មានមិនព្រម ដោយទារចំនួន៤ពាន់ដុល្លារ ព្រោះគ្នា៤នាក់ ហើយតំណាងឱ្យក្រុមហ៊ុន ”ភីអិនធី PNT” ក៏ប្រើឧបាយកល តថ្លៃគ្នា ដើម្បីបានសំឡេងរហូតត្រូវថ្លៃគ្នាចំនួន២១៥០ដុល្លារ ប្រគល់ឱ្យក្រុមអ្នកសារព័ត៌មាន
បន្ទាប់មកទៀត ដើមចោទនិងបក្ខពួក ក៏បានបញ្ឆោត ប៉ាវក្រុមអ្នកព័ត៌មាន ឲ្យទៅច្រៀងខារ៉ាអូខេត្រង់ចំណុចខាងលើ ក្រោមហេតុផលថា៖ យើងរាប់អានគ្នានិងដើម្បីឱ្យអ្នកសារព័ត៌មាន ភ្លេចខ្លួន ស្របពេលដើមចោទប្ដឹងរួចហើយ សមត្ថកិច្ចកំពុងធ្វើនីតិវិធី.!។
ប្រភពបានបន្តទៀតថា ខណៈកំពុងច្រៀងរាំសប្បាយមិនបានចាប់អារម្មណ៍ ក៏ស្រាប់តែសមត្ថកិច្ចប៉ូលិសខេត្តព្រះវិហារ ចុះចាប់ខ្លួនពួកគេ ក្នុងបន្ទប់ KTV តែម្ដង ទើបភ្ញាក់ខ្លួនខ្ញាកថា៖ ចុមអញចាញ់បញ្ឆោតឈ្មួញឈើហើយ ក៏នាំគ្នាស្រឡាំងកាំងសរភ្នែកព្រាត ស្របពេលអ្នកសារព័ត៌មានម្នាក់ទៀត រត់រួចខ្លួន។
ករណីនេះរហូតដល់ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក យុត ពន្លឺ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនទាំង៣នាក់ជាបណ្ដោះអាសន្ន បទកំហែងយក។
អ្នកសារព័ត៌មាន ទាំង៣នាក់ទី១៖ ឈ្មោះ មុំ វិបុល ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរសារព័ត៌មាន”ប៉ុស្តិ៍លេខ៣”នៅភូមិជៀស ឃុំថ្មពូន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២៖ ឈ្មោះ តិន ទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសារព័ត៌មាន”រស្មីឆ្នាំងមាស”។
៣៖ ឈ្មោះ តិន ស៊ីថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសារព័ត៌មាន”ខេមមេឌៀ” អ្នកទាំ២នៅភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន៕SRP