លោក អ៊ុន ចាន់ដា៖ រដ្ឋបាលខេត្តកំពង់ចាម បានទាក់ទាញ អ្នកវិនិយោគធំ​ តូច បានសាងសង់រោងចក្រ មានចំនួន២៤ មូលដ្ឋាន

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានទាក់ទាញអ្នកវិនិយោគធំ​ តូច បានសាងសង់រោងចក្រមានចំនួន ២៤មូលដ្ឋាន ស្ថិតក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ដែលអាចស្រូបយកកំលាំងពលកម្ម កម្មករ កម្មការនី សរុប ៣៦០៤៧នាក់ ដែលជាចំណែកមួយ ចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក៏ដូច ជាចូលរួមក្នុងកំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ដូច្នេះក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ លទ្ធផលបឋមផលិតផលក្នុងស្រុកសរុប GDP និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ CPI ខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍នេះ។

លោកអ៊ុន ចាន់ដា បានថ្លែងថា​ ក្នុងរយៈពេលប្រមាណជាពីរទស្សវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ អភិវឌ្ឍប្រទេសឲ្យមានការ រីកចម្រើនជាលំដាប់។ ជាក់ស្ដែងខេត្តកំពង់ចាម មានហេដ្ឋារចនាសម្ព័ន្ធរូវន្ត មានការរីកចម្រើន ដូចជា​ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ សួនច្បារសាធារណៈ វត្តអារាម និង វិស័យឯកជន ជាពិសេស រង្វង់មូលវិមានឯករាជ ដែលជាតំបន់ទេសចរ ដ៏សំខាន់សម្រាប់ហាត់ប្រាណ និងធ្វើដំណើកម្សាន្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

លោកបានថ្លែងថា​ ក្រសួងផែនការ បានបើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ លទ្ធផលបឋមផលិតផល ក្នុង ស្រុក សរុប GDP និងសន្ទស្សន៍ ថ្លៃទំនិញប្រើប្រាស់ CPI ខេត្តកំពង់ចាម ឆ្នាំ២០២១-២០២២ ដែលទិន្នន័យនេះ បានមកពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត រួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលនាយកដ្ឋានគណនេយ្យជាតិ នៃក្រសួងផែនការយកមកគណនា។ ទិន្នន័យនេះមានសារៈសំខាន់ សម្រាប់ធ្វើជាមធ្យោបាយ ក្នុងការវាស់វែង អំពីកម្រិតនៃការរីកចម្រើន របស់រដ្ឋបាលខេត្ត.តាមបណ្តាឆ្នាំនីមួយៗ និងចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈ ការវិភាគតាមបែបម៉ាក្រូសេដ្ឋកិច្ច។

លោកបាន​បញ្ជាក់​ថា​ លទ្ធផលគណនេយ្យជាតិសម្រាប់ថ្នាក់ខេត្ត គឺជា ឯកសារគន្លឹះ ដែលជាមូលដ្ឋានសម្រាប់ អនុវត្តសកម្មភាពអាទិភាព សំខាន់ៗ ស្របតាមគោល នយោបាយ ដែលមានសង្គតិភាពជាមួយនឹងគោលដៅ អភិវឌ្ឍន៍របស់ រដ្ឋបាលខេត្ត និងជាពិសេស ជាងនេះទៅទៀត គឺដើម្បីចូលរួមសម្រេចបាននូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤.របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

គួរបញ្ជាក់ផងដែរថា ទិន្នន័យនេះវាមានសារៈសំខាន់ សម្រាប់ខេត្ត ដើម្បីបង្ហាញដល់ភាគីពាក់ព័ន្ធនានា ជាពិសេសដៃគូអភិវឌ្ឍន៍ ដែលមានបំណងចង់ មកវិនិយោគ នៅលើទឹកដីរដ្ឋបាលខេត្តកំពង់ចាម ហើយពួកគេអាចដឹងពីកំណើនសេដ្ឋកិច្ច និងការ រីកចម្រើនរបស់រដ្ឋបាលខេត្ត តាមរយៈលទ្ធផលផលិតផលក្នុងស្រុកសរុប GDP នេះ​៕SRP