អភិបាលខេត្តកំពង់ចាម៖ ជាគ្រោះ..អ..កុ..សល បន្ទាប់ពីប្រជាពលរដ្ឋយើង បានធូរស្រាលពីជំងឺកូវីដ ១៩ ក៏មកជួបប្រទះនឹងគ្រោះ..ទឹកជំនន់

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើក​ឡើង​ថា ជាគ្រោះអកុសល បន្ទាប់ពីប្រជាពលរដ្ឋយើង បានធូរស្រាលពីជំងឺកូវីដ ១៩ ក៏មកជួបប្រទះនឹងគ្រោះទឹកជំនន់។ ដូច្នេះហើយ ទើបអាជ្ញាធរ នៅតែបន្តធ្វើការដោះស្រាយ នូវបញ្ហានេះ ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ។

អភិបាលខេត្តកំពង់ចាម បានបន្តថា ក្នុងបរិបទជម្ងឺកូវីដ ១៩ អស់រយៈពេល ២ឆ្នាំ ដែលយើងពិតជាមានការលំបាកខ្លាំងណាស់ ទាំងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន គឺយើងបានរួមគ្នា ដើម្បី ចូលរួមទប់ស្កាត់កុំឲ្យជំងឺនោះ កុំឲ្យឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ហើយពេលនោះ ក្រុមអាជ្ញាធរក៏បានខិតខំដោះស្រាយ ស្បៀងអាហារ នានា ដើម្បី ចែកជូនដល់បងប្អូន នៅពេលដែលមានការបិទខ្ទប់ ឬអ្នកដែលបានឆ្លងជំងឺនោះ ផងដែរ។

អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ចែកស្បៀងអាហារ របស់ រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដែលរងផលប៉ះពាល់ដោយទឹកជំនន់​ ក្នុង​ក្រុង​កំពង់ចាម​ និង​ស្រុក​កំពង់សៀម​ ចំនួន​៨០០គ្រួសារ​ នៅថ្ងៃព្រហស្បតិ៍នេះ។

លោកអ៊ុន ចាន់ដា បានបន្តថា ចំពោះ បងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ ត្រូវបានទទួលការឧបត្ថម្ភ ជាថវិកា ពី រាជរដ្ឋាភិបាល ជាប្រចាំខែ ផងដែរ។ ដោយកិច្ចការនេះ រដ្ឋាភិបាលមិនទាន់បញ្ចប់ នៅឡើយទេ បើទោះបីជាបច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ បានធូស្រាលទៅហើយក្តី។ ក្រៅពីនោះ រាជរដ្ឋាភិបាល កម្ពុជា បានគិតគូរបន្តលើកម្មវិធីគាំពារសង្គម ដោយថ្មីៗនេះ មានកម្មវិធីថ្មី ២ បន្ថែមទៀត នៃផ្នែកសង្គមកិច្ច និងផែនការ គឺ៖ ទី១.ដោះស្រាយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដោយទឹកជំនន់។ ទី២.ដោះស្រាយដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវអតិផរណា ដោយសារមានសង្គ្រាម នៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ការប៉ះពាល់ដល់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ។

គូសបញ្ជាក់ថា អំណោយស្បៀងអាហារ របស់រដ្ឋាភិបាលកម្ពុជា ដែល អភិបាលខេត្ត នាំទៅចែកជូនប្រជាពលរដ្ឋទាំង ៨០០គ្រួសារ ខាងលើ ក្នុង ១គ្រួសារទទួលបាន ៖ អង្ក ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ ផងដែរ៕SRP