ខេត្តកំពង់ចាម៖ក្នុងឱកាសនាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋ រងគ្រោះដោយទឹកជំនន់ និងបាក់ច្រាំងទន្លេ ចំនួន ៤៥៨គ្រួសារ នៅស្រុកស្រីសន្ធរ នៅថ្ងៃពុធនេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានលើកឡើងថា
រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារឡើយ។ ក្នុងនាមរាជរដ្ឋាភិបាល លោកសូមចូលរួមសោកស្ដាយ ចំពោះការខាតបង់ទ្រព្យ សម្បត្ដិរបស់បងប្អូន ក្នុងស្រុកស្រីសន្ឋរ ក៏ដូចជាស្រុកដ៏ទៃទៀតក្នុងខេត្តកំពង់ចាម ដោយសារទឹកជំនន់នេះផងដែរ។
លោកបញ្ជាក់ថា ទឹកជំនន់ពេល បានកើតមានជាច្រើនប្រទេសលើពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជា ទឹកជំនន់កើតឡើងពីទឹកភ្លៀងផង និងជំនន់ទន្លេមេគង្គផង។ ដូចនេះ ដើម្បីសម្រាលការលំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឺកជំនន់ និងបាក់ច្រាំងទន្លេ រាជរដ្ឋាភិបាល តែងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដើម្បីជួយសម្រាលការលំបាក់របស់ប្រជាពលរដ្ឋ។
លោកយឹម ឆៃលី បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាងដើម្បីជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាព ជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់ទីកន្លែងទាំងអស់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
លោកបានរំលឹកថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំងអស់ដែលបានគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះលើស៧០% ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅថ្មីៗនេះ ហើយសង្ឃឹមជឿជាក់ថា បងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀតនៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំ និងអភិវឌ្ឍន៏ប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត។
លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន គីជាបិតាសន្តិភាពនៅកម្ពុជា, ជាស្នូលនៃការបង្រួបប្រួមជាតិ, ជាស្នូលនៃការកសាង និងអភិវឌ្ឍន៏ជាតិ, ជាជើងឯកក្នុងការប្រយុទ្ខនឹងជម្ងឺកូវីដ១៩ តាមរយៈយុទ្ឋសាស្ត្រស្រោចវ៉ាក់សាំងនៅគ្រប់តំបន់ទូទាំងប្រទេស។ ហើយឆ្នាំនេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗប្រកបដោយជោគជ័យ ដែលបានផ្តល់នូវកិត្តិនាម កិត្តិស័ព្ទ ដ៏ប្រពៃសម្រាប់ប្រជាជាតិខ្មែរ។ ទាំងអស់នេះ គឺជាប្រភពដ៏រឹងមាំក្នុងការពារ និងអភិវឌ្ឍន៏ជាតិលើគ្រប់វិស័យ។
សូមជម្រាបថាពិធីនេះ ក៏មានការចូលរួមពីលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដីជាច្រើនរូបទៀត។
បញ្ជាក់ថា អំណោយដែលមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងគ្រួសារដែលរងគ្រោះធ្ងន់ចំនួន៥៨គ្រួសារ បន្ថែមថវិកាចំនួន ៣០ម៉ឺនរៀលទៀត៕SRP