ភ្នំពេញ៖គ្រូបង្រៀនម្នាក់ រស់នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសុំអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ករណីក្រុមហ៊ុនឯកជនមួយបានចាក់ដីរំលោភលើដីរបស់គាត់។ ចំណែកអភិបាលខេត្តកណ្តាលបានឲ្យប្រជាពលរដ្ឋ ម្ចាស់ដីយកឯកសារមករដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញពិនិត្យ។
គ្រូបង្រៀន ដែលជាម្ចាស់ដីឈ្មោះ សេក សិទ្ធិ បានរៀបរាប់ថា “កើតទុក្ខមិនសុខចិត្តដោយសារតែក្រុមហ៊ុន រំលោភយកដីរបស់ខ្ញុំ ហេតុអីបានខ្ញុំថារំលោភ ពីព្រោះខ្ញុំបានសុំអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ត្រីដែនដីមន្ទីរខេត្តទៀតឲ្យចុះវាស់វែងដីឲ្យខ្ញុំ បានវាស់ពីរដងទៅបីដងដែរ តែចេះតែរំខានពីក្រុមហ៊ុន សន្តិសុខ ក្រុមហ៊ុនបានមកដេញស្ទាក់ពេលវាស់បាន ២ចំណុច ទៅ៣ចំណុច គឺសន្តិសុខមកដេញមិនឲ្យវាស់ និងដេញយើងមិនឲ្យចូលីតាំងដីរបស់យើងតែម្តង។ ហើយចុងក្រោយក្រុមហ៊ុនបានយកដីមកចាក់លើដីខ្ញុំ ពេលនោះខ្ញុំបានទៅឃាត់ ថែមទាំងបានប្តឹងទៅអាជ្ញាធរស្រុក ខេត្ត ក៏ផ្អាក ហើយបានមួយថ្ងៃពីរថ្ងៃគេចាក់ទៀត តែដោយសារបានចំណារ ពីអភិបាលខេត្តកណ្តាលគាត់ចារទៅបានជាគេលែងចាក់។ ជាដីរបស់ខ្ញុំពិតប្រាកដដោយខ្ញុំមានឯកដារត្រឹមត្រូវ…។ តែគេគ្មានដំណោះស្រាទេ ពេលចុះជាប្រព័ន្ធគាត់ថាចាំវាស់ជាប្រព័ន្ធ ដល់ពេលទៅចុះវាស់គេដេញ អយុត្តិធម៌ណាស់សម្រាប់ខ្លួនខ្ញុំ មានតែសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទេ ដែលអាចជួយរកយុត្តិធម៌ ឲ្យកូនចៅដែលមានទុក្ខជាទម្ងន់ ដែលគេរំលោភលើដីខ្ញុំ។ ហើយមានចំណុចអ្វី បានជាគេហ៊ានរំលោភលើដីយើង ហើយអាជ្ញាធរដឹងឮហើយបែរជាមិនធ្វើឲ្យខ្ញុំ សូមសម្តេចជួយកូនចៅផង”។
គ្រូបង្រៀនរូបនេះបានបញ្ជាក់ថា ចំពោះករណីនេះ ផ្តើមចេញលើកទី១ គឺលោកបានដាក់ពាក្យស្នើសុំចុះបញ្ជីទៅឃុំ ស្រុក និងខេត្ត គឺសុំចុះបញ្ជីតាំងពីមុនចុះជាប្រព័ន្ធ តែគេគេចវេសថ្ងៃនេះថ្ងៃនោះ។ ហើយដីគេនៅជាប់ដីលោកគេធ្វើប្លង់បាន ហើយរឿងអីដែលលោកធ្វើប្លង់មិនបាន។ ហើយដោយសារក្រុមហ៊ុនបានចាក់នៅលើដីរបស់លោក លោកក៏បានប្តឹងសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
លោកបានអះអាងថា “ខ្ញុំការពារដីខ្ញុំដាច់ខាត ដីនឹងខ្ញុំទិញដោយញើសឈាមរបស់ខ្ញុំ ខ្ញុំត្រូវតែរក្សាដីខ្ញុំ ទោះត្រូវដាក់ជីវិតក៏ខ្ញុំត្រូវតែធ្វើដែរ ខ្ញុំនឹងសង់រោងនៅលើដីខ្ញុំ ហើយកុំមករំលោភយកដីខ្ញុំ ខ្ញុំអត់ឲ្យជាដាច់ខាត ទោះជីវិតស្លាប់ក៏ខ្ញុំមិនឲ្យដែរ”។
ចំណែកលោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះថា “យកឯកសារមករដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញពិនិត្យ”។
គួរបញ្ជាក់ថា លោកសេក សិទ្ធិ បានដាក់លិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយធ្វើអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជួយឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្តាល ចុះវាស់វែងដីមួយកន្លែងទំហំ ៣ហិកតា ៧៣អា ៤៥ម៉ែត្រការ៉េ (៣៧៣៤៥ម៉ែត្រការ៉េ) មានទីតាំងនៅភូមិឫស្សីស្រុក ២ ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល និងសុំជួយចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីមានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជាធរមាន។
បន្ទាប់ទទួលបានលិខិតសុំអន្តរាគមន៍ ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន បានធ្វើដីកាបញ្ជូនសំណើរបស់លោក សេក សិទ្ធិ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យជាសមត្ថកិច្ចតាមការគួរ៕SRP