ខេត្តកំពង់ឆ្នាំង៖លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ម្សិលមិញ បានដឹកនាំមន្ត្រីមន្ទីរកិច្ចការនារី ខេត្ត មន្ត្រីរដ្ឋបាលសាលាស្រុកបរិបូណ៌ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ទៅសាកសួរសុខទុក្ខ និងយកអំណោយ ជូនដល់ស្ត្រីមានជីវភាពខ្វះខាត សម្រាលបានកូនភ្លោះ៣ រស់នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌។
លោកស្រី តុង ណារី មានប្រសាសន៍ថា ក្រោយពីទទួលដំណឹង ក្មួយស្រីទើបរៀបការបានមួយឆ្នាំ ហើយ សម្រាលកូនជាលើកដំបូងបានកូនភ្លោះ៣ តាមរយៈការផ្សព្វផ្សាយរបស់សារព័ត៌មាននានា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានចាត់ឱ្យលោកស្រី និងក្រុមការងារនាំយកនូវអំណោយជាសម្ភារៈ និងថវិកា មកជួយឧបត្ថម្ភដល់ស្ត្រីកូនភ្លោះ៣ ដែលអំណោយទាំងនោះរួមមាន ៥០គីឡូក្រាម សម្ភារ ប្រើប្រាស់សម្រាប់ទារក និងសម្ភារៈផ្សេងៗទៀតសម្រាប់ស្ត្រីជាម្ដាយជាច្រើន រួម និងថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ។
លោកស្រីក៏បានផ្ដាំផ្ញើដល់ស្ត្រី ជាម្ដាយកូនភ្លោះ៣ សូមខិតខំពង្រឹងស្មារតី ថែទាំសុខភាព និងថែទាំកូនទាំង៣ ឱ្យមានសុខភាពល្អ និងអនាគតល្អទៅថ្ងៃក្រោយ។
សូមជម្រាបថា ស្ត្រីរូបនេះ បានសម្រាលបានកូនភ្លោះ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែដោយសារបញ្ហាភាពសុខភាព ស្ត្រីជាម្តាយ ទើបគ្រូពេទ្យ អោយបន្តសម្រាកព្យាបាល រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា នឹងបានអនុញ្ញាត ឲ្យត្រឡបមកផ្ទះវិញ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋានផងដែរ។
មេឃុំមេលំ លោក កេត សុឃា បានឲ្យដឹងថា ស្ត្រីដែលកើតកូនភ្លោះ ៣នាក់ មានឈ្មោះ មាន សុមី អាយុ២៣ឆ្នាំ នាងទើបសម្រាលកូនជាលើកដំបូង ព្រោះនាងទើបរៀបការ ជាមួយប្ដី ឈ្មោះ វ៉ាន់ សុវយ័ អាយុ២៤ឆ្នាំ កាលពីមួយឆ្នាំមុន។ ក្រោយពេលពួកគេរៀបការ បានរស់នៅជាមួយម្ដាយ ជាស្ត្រីមេម៉ាយឈ្មោះ សួស ម៉ើ ប៉ុន្តែដោយសារបញ្ហាជីវភាព ពួកគេក៏បានទៅធ្វើជាកម្មកររោងចក្រ នៅរាជធានីភ្នំពេញ ទាំង២នាក់ប្ដីប្រពន្ធ រហូតមានផ្ទៃពោះ។ លុះក្រោយពីពិនិត្យ អេកូ ឃើញមានកូនភ្លោះ៣ ទើបនៅថ្ងៃឈឺពោះ ពួកគេបានសម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នៅរាជធានីភ្នំពេញ រហូតដល់ស្ត្រីជាម្ដាយ មានសុខភាពល្អទើបក្រុមគ្រូពេទ្យអនុញ្ញាតឲ្យមកផ្ទះវិញ។
លោកមេឃុំបានបញ្ជាក់ថា កូនភ្លោះទាំង ៣នាក់ ស្រី២ ប្រុស១ រួមនឹងម្ដាយមានសុខភាពល្អ ជាធម្មតាទេ ប៉ុន្តែបញ្ហាជីវភាព គឺជួបការខ្វះខាត ដែលក្នុងនាមលោកជាអាជ្ញាធរឃុំ សូមអំពាវនាវដល់សប្បុរសជន ជិតឆ្ងាយមេត្តាជួយឧបត្ថម្ភដល់គ្រួសារនេះផង៕SRP