សម្ដេចស ខេង៖ «ការផ្លាស់ប្តូរនេះធ្វើឡើងតាមការស្នើសុំរបស់លោក ជាវ តាយ ហើយលោកមិនមានកំហុសអ្វីនោះទេ»

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាថា « ការផ្លាស់ប្តូរនេះធ្វើឡើងតាមការស្នើសុំរបស់លោក ជាវ តាយ ហើយលោកមិនមានកំហុសអ្វីនោះទេ»។

សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះ «ឯកឧត្តម ជាវ តាយ លោកអត់មានកំហុសអីទេ ប៉ុន្តែត្រូវការពេលវេលាសម្រាកព្យាបាល។ ខ្លួនគាត់ និងគ្រួសារគាត់ចង់បានអ៊ីចឹង ហើយយើងគោរពតាមសំណើ និងសំណូមពររបស់គាត់»។

សម្តេចបានបញ្ជាក់ទៀតថា សម្តេចនឹងអញ្ជើញជាអធិបតីប្រកាសតែងតាំង និងចូលកាន់តំណែងអភិបាលថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

សូមជម្រាបថាលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំ​បង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាវ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា លោក ជាវ តាយ ធ្លាប់ជាអតីតអភិបាលរងខេត្តកណ្តាល នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកំពត ហើយបានផ្ទេរទៅកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១។
ពេលអញ្ជើញទៅដល់ខេត្តពោធិ៍សាត់ លោកក៏មានបញ្ហាសុខភាព មិនសូវបានកាន់ការងារប៉ុន្មាននោះឡើយ។

គួររំលឹកថា លិខិតសម្ដេចស ខេង ស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតាំង លោក ខូយ ដារី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាយ។

នៅក្នុងលិខិត សម្ដេចស ខេង បានគោរពជម្រាបគោរពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការនាពេលកន្លងមក ខ្ញុំសូមគោរពស្នើសុំគោលការណ៍សម្ដេចតេជោនាយករដ្ឋមន្ត្រីមេត្តាពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងតែងតាំងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដូចមានរាយនាមខាងក្រោម៖

១-គោរពស្នើសុំតែងតាំងមុខតំណែងឯកឧត្តម ជាវ តាយ ជារដ្ឋ លេខាធិការនៃក្រសួងមហាផ្ទៃ។

២-គោរពស្នើសុំតែងតាំងឯកឧត្តម ខូច រីដា អភិបាលរងខេត្តបាត់ដំបងឋានន្តរស័ក្ដិ ឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តាយ។

គូរបញ្ជាក់ផងដែរថា នៅក្នុងលិខិតខាងលើនេះ ក៏បានឃើញចំណារយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។

គួររំលឹកថា លោក ខូយ រីដា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ច ពីអភិបាលរងខេត្តពោធិ៍សាត់ មកទទួលតំណែងជាអភិបាលរងខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕SRP