អាជ្ញាធរខេត្តកំពង់ចាម បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឲ្យពលរដ្ឋ លើកសំណួរនិងសំណូមពរ

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្ត នៅថ្ងៃព្រហស្បតិ៍នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ នៅក្នុងបរិវេណវត្តជោតនារាមបឹងកុក ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

ពិធីនេះក្រោមវត្តមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ ផល្លី អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គោលបំណងដើម្បីឲ្យពលរដ្ឋមានមតិ។

នៅក្នុងពិធី សំណួរ និងសំណូមពរ របស់ពលរដ្ឋចំនួន២៦ ត្រូវបានឆ្លើយតប និងបកស្រាយបំភ្លឺបាន ចំនួន២១។ ដោយឡែកសំណួរ និងសំណូមពរ ដែលនៅសេសសល់ចំនួន៥ ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយបន្តនៅពេលក្រោយ ដែលមានដូចជាបញ្ហាស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី សុំដោះស្រាយ បញ្ហាទំនាស់ព្រំដីុំជាមួយអ្នកជិតខាង បញ្ហាប៉ះពាល់ដោយការធ្វើមាស ការស្នើសុំរៀបចំប្រព័ន្ធលូ និងស្តារលូ ភ្លើងបំភ្លឺផ្លូវ បញ្ហាប្រអប់កុងទ័រទឹកស្អាតដែលរងការពុកខូច សេវាមន្ទីរសាធារណការ និងជញ្ជូន បញ្ហានគរបាលចរាចរផាកពិន័យ ព្រមទាំងពន្លឿន ការធ្វើអត្តសញ្ញាណប័ណ្ណ ការស្នើសុំ ធ្វើតូបក្នុងផ្សារ និងសុំធ្វើប័ណ្ណក្រីក្រ។

លោក ចាន់ ផល្លី អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្ដែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថ កិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង។

លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គា្ន បានពិភាក្សា ពិគ្រោះយោបល់ ជាមួយ អ្នកចូលរួមទាំងអស់ ហើយធ្វើការឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជា ពិសេស ការពង្រឹងការចូលរួម របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹង យន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អ ភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ៕SRP