ថ្នាក់លើរកឃើញ មានចំណុចខ្វះខាតមួយចំនួន​របស់មេប៉ូលិសខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការងារគ្រប់គ្រងហិរញ្ញវត្ថុ

0

ខេត្តបន្ទាយមានជ័យ៖មន្ត្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានឲ្យអ្នកសារព័ត៌មាន ដឹងថាថ្នាក់លើបាន រកឃើញមានចំណុចខ្វះខាតមួយចំនួន របស់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការងារគ្រប់គ្រងហិរញ្ញវត្ថុ ខ្វះខាតក្នុងការរៀបចំ សៀវភៅបញ្ជីចំណូល ការចំណាយថវិកា ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារ គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ មិនទាន់គ្រប់ជ្រុងជ្រោយ នៅឡើយ។

អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត បានបញ្ជាក់ថា៖ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបិទសវនាកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្របតាមផែនការ សកម្មភាព របស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ក្រោយពីធ្វើកិច្ចសវនកម្ម អស់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមក រកឃើញមាន ៣ ចំណុច ដែលខ្វះខាត៖
១-ការងារគ្រប់គ្រងធនធានមនុស្ស អនុវត្តមិនទាន់បានពេញលេញ តាមនីតិវិធីរដ្ឋបាល នៅឡើយ ។ ចំពោះប្រព័ន្ធលើកទឹកចិត្តមានភាពប្រសើរ ។
២-ការងារគ្រប់គ្រងហិរញ្ញវត្ថុ ខ្វះខាតតិចតួច ក្នុងការរៀបចំសៀវភៅបញ្ជីចំណូល ចំណាយថវិកា ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព តែការគ្រប់គ្រងបើកផ្តល់ប្រេងឥន្ធនៈ និងទូទាត់តាមសញ្ញាចំណាយផ្សេងៗ បានត្រឹមត្រូវតាមនីតិវី ។
៣-ការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ(ចលន អចលនភាពវត្ថុ) មិនទាន់គ្រប់ជ្រុងជ្រោយ នៅឡើយ។

លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត បានបញ្ជាក់ទៀតថា៖ រាល់កំហុសឆ្គងដែលក្រុម ការងារ រកឃើញនោះ គឺដើម្បីជាការកែលម្អ សម្រាប់ទៅឆ្នាំក្រោយទៀត ឲ្យកាន់តែ មានភាពល្អប្រសើរ នៃការចងក្រងឯកសារ ដែលពាក់ព័ន្ធ។

សូមជម្រាបថា នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទ សវនកម្មផ្ទៃក្នុង សម្រាប់ការបរិច្ឆេទ ឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការនគរនបាលក្រុង ស្រុក ទាំង ៩ លោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោក ទាំង៤ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើ សេចក្តីរាយការណ៍ថា៖ ខេត្តបន្ទាយមានជ័យ មានខ្សែបន្ទាត់ព្រំដែន ជាប់នឹងប្រទេសថៃ ប្រវែង ១៥៣ គីឡូម៉ែត្រ ព្រំប្រទល់ខាងជើង ជាប់ខេត្តឧត្តរមានជ័យ ខាងត្បូងជាប់ ខេត្តបាត់ដំបង ខាងកើតជាប់នឹងខេត្តសៀមរាប ខាងលិចជាប់នឹងប្រទេសថៃ មានស្រុក ចំនួន ៤ ក្រុង១ ជាប់នឹងប្រទេសថៃ និងមានច្រកទ្វារអន្តរជាតិ១ គឺច្រកប៉ោយប៉ែត និងច្រកទ្វារតំបន់ ២ គឺច្រកម៉ាឡៃ និងច្រកតំបន់បឹងត្រកួន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ ទោះបីក្នុងបរិបទនៃការរាតត្បាត ជំងឺកូវីដ-១៩ ក៏មិនអាចបង្កនូវវិទ្ធង្សនា ដល់កិច្ចប្រតិបត្តិការនោះឡើយ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ ខិតខំប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ក្នុងការចាត់តាំង និងជំរុញដល់ការងារជំនាញ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាប្រក្រតី សំដៅធានាទាំងការផ្តល់សេវាសាធារណៈ និងសន្តិសុខ សុវត្ថិភាពសង្គម ដោយសម្រេចបាននូវលទ្ធផល គួរឲ្យកត់សម្គាល់៕SRP