លោក គន់ គីម ប្រាប់មន្ត្រីឱ្យត្រៀម ផ្តល់ពូជស្រូវ ដល់ពលរដ្ឋ ដើម្បីស្តារនិងសង្គ្រោះឡើងវិញ ឱ្យទាន់ពេលវេលា

0

ខេត្តសៀមរាប៖ក្នុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប នៅថ្ងៃទី៩ ខែតុលា ម្សិលមិញ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញដល់អាជ្ញធរក្រុង ស្រុកដែលរងផលប៉ះពាល់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកពួកដែលរងគ្រោះ ខ្លាំងជាងគេ។

លោក គន់ គីម ក៏បានប្រាប់ដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវស្នើសុំពូជស្រូវបន្ថែមពីក្រសួង ដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ក្នុងការស្តារឡើងវិញឱ្យទាន់ពេលវេលា។ លោកថា មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ត្រូវវាយតម្លៃនៃការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផងដែរ ដើម្បីលើកផែនការជួសជុលឡើងវិញ បន្ទាប់ពីស្ថានភាពល្អប្រសើរ។

បើតាមអាជ្ញាធរខេត្តសៀមរាប ភូមិសាស្ត្រដែលរងផលប៉ះពាល់ ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់​ថ្ងៃទី​​០៨ ខែតុលា ឆ្នាំ២០២​២ បណ្តាលឱ្យមានផល​ប៉ះពាល់​​ដល់​​ ប្រជាពលរ​ដ្ឋ​ចំនួន ២៥ ២១៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ នៃស្រុក​ចំនួន៩ រួមមាន ស្រុក​ស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និង​ស្រុកអង្គរធំ។

ករណីនេះបង្កឱ្យមាន​ការខូចខាត ស្រូវពង្រោះចំនួន ៣២ ៤៦៥ ហិកតា ស្មើនឹង ២៣ ៥៧៨ គ្រួសារ​ក្នុងនោះ ខូចខាតស្រូវ ចំនួន ២ ៧៨៣ ហិកតា ស្មើនឹង ៣ ៥៥៣ គ្រួសារប៉ះពាល់ដំឡូងមី ចំនួន ៧ ៣៥១ ហិកតា ស្មើនឹង ៤ ៦៥៣ គ្រួសារ ក្នុងនោះខូចខាត ដំឡូងមី ចំនួន ៣ ១២០ ហិកតា ស្មើនឹង ៤ ០៤២ គ្រួសារ លិចបរិវេណផ្ទះកម្រិតស្រាល ៦ ៨០២ខ្នង និងកម្រិតធ្ងន់ ២៩ខ្នង ព្រមទាំងលិចផ្លូវប្រវែង សរុប ១៧៧ ៤៧០ម៉ែត្រ និងខូចខាតដីស ក្រហម ប្រវែង ៥ ២៧០ម៉ែត្រលិចខ្នងទំនប់,ខ្នងប្រឡាយ ប្រវែង ២១ ៣២៧ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ លិចស្ពាន ០៣កន្លែង និងខូចខាតប្រវែង ១៦ម៉ែត្រ លិចទីធ្លាសាលារៀន ៨១កន្លែង លិចបរិវេណមណ្ឌលសុខភាព ០៦កន្លែង អាគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ២១កន្លែង លិចបរិវេណវត្ត ១៨កន្លែង លិចក្នុងផ្សារ២កន្លែង៕SRP