ខេត្តសៀមរាប៖ដើមឈើធ្នង់១ដើមដ៏ធំ ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ tv online ថា ករណីនេះបន្ទាប់ពីបានទទួលព័ត៌មានមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី សហការជាមួយមន្រ្តីអជ្ញាធរជាតិអប្សរា និងមន្រ្តីរដ្ឋបាលអជ្ញាធរឃុំខ្នារសណ្តាយ ចុះពិនិត្យលើករណីជនសង្ស័យលួចកាប់ដើមឈើធ្នង់១ដើម មុខកាត់គល់ទំហំ១,២០ម និងប្រវែង៦ម ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថាចំពោះវត្ថុតាងនៃបទល្មើស ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្តោះអាសន្ន រងចាំទឹកស្រកអស់នៅទីនោះទើបក្រុមការងារដឹកជញ្ចូនមករក្សាទុកនៅសង្កាត់ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថា បើតាមលោកទទួលព័ត៌មានគឺជនសង្ស័យលួចកាប់កាលពីយប់មិញ គឺថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយករណីនេះលោកថា បានកសាងសំណុំរឿងទៅតុលាការ ដើម្បីសាវជ្រាវនិងចាត់វិធានការប្រធានការតាមផ្លូវច្បាប់៕SRP

