ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបានអំពាវនាវដល់ ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធសហការឲ្យជិតស្និទ្ធ ជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសនានាក្នុងមូលដ្ឋាន ដើម្បីមានសន្តិសុខល្អ។
លោកថ្លែងបែបនេះក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ នីតិវិធីនៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ-សង្កាត់ មុំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
លោក ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ កងកម្លាំងគ្រប់ប្រភេទសូមបន្តអនុវត្ត ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានអោយបានល្អប្រសើរ ត្រូវធ្វើអោយជាប់ដូចភ្លៀងរលឹម ស្រមតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។
អភិបាលខេត្តត្បូងឃ្មុំ ក៏បានស្នើសុំយ៉ាងទទូចធ្វើយ៉ាងណា ត្រូវបន្តពង្រឹងការការពារ ជាចំណុចអាទិភាព ដើម្បីភាពរស់នៅភាព សុខសាន្ត របស់ប្រជាពលរដ្ឋតាមរយៈភូមិ ឃុំ មានសុវត្ថិភាព និងបន្តផ្តោតលើសុខភាព សុខមាលភាពប្រជាជន តាមរយៈការបន្តទប់ស្កាត់ និងគ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិលត្រឡប់ថយក្រោយ៕SRP

