ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ឲ្យសហការជាមួយមប្រជាពលរដ្ឋ ដេីម្បីរួមគ្នាទប់ស្កាត់ បង្រាបនូវបទល្មើសគ្រឿងញៀន ដេីម្បីការពារសហគមន៍យេីង ពីការបំពានដោយគ្រឿងញៀនខុសច្បាប់។
ការស្នេីឡេីងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
ក្នុងកិច្ចប្រជុំ លោក អ៊ុន ចាន់ដា បានថ្លែងថា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន គឺត្រូវមានការចូលរួមគ្រប់ភាគី ដេីម្បីរួមគ្នាធ្វើការលុបបំបាត់គ្រឿងញៀន ដូច្នេះយើងត្រូវសំណូមពរដល់ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស ឲ្យផ្តល់កិច្ចសហការ ជាពិសេសសូមឲ្យថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមព្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការណ៍ ដេីម្បីរួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យមានប្រសិទ្ធភាពខ្ខ្ពស់តាមរយៈ ការរាយការណ៍ជាសម្ងាត់។
បេីតាមរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ចាម ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញ ឆ្នាំ២០២២ ក្នុងនោះក៏មានការងារយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ផងដែរ ដោយកម្លាំងជំនាញបានចុះបង្ក្រាប ៤៩ករណី ចាប់បាន ១៤៥នាក់ ដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌ស ១៤៧កញ្ចប់ ស្មើ ២៩៤,៤៤ក្រាម ថ្នាំញៀនគ្រាប់ ពណ៌ផ្កាឈូក (WY) ចំនួន ១៥គ្រាប់ ស្មើ ៣,៥៩ក្រាម ទូរស័ព្ទ ១១៨គ្រឿង ម៉ូតូ ០២គ្រឿង រថយន្ត ០២គ្រឿង ដាវ ០១ដើម កណ្ដៀវ ០១ ដែកចុងស្រួច ០១ដើម ជញ្ជីងអេឡិចត្រូនិច ០៤គ្រឿង និងសម្ភារសេពគ្រឿងញៀនមួយចំនួនផងដែរ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិ ទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣.បញ្ហាផ្សេងៗមួយចំនួនផងដែរ៕SRP

