អភិបាលខេត្តកំពង់ចាម​ អំពាវនាវ ឲ្យបង្កើនចលនា លែងកូនត្រី ឲ្យបានគ្រប់ទីកន្លែង

0

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ស្រុក ឃុំ និង​អង្គភាពនានា សូមចូលរួមឲ្យបានសកម្មថែមទៀត ក្នុងចលនាលែងកូនត្រី នៅគ្រប់ទីកន្លែងតាមមូលដ្ឋាន ដើម្បីឲ្យក្លាយជាប្រពៃណីលែងកូនត្រី ដូចជាប្រពៃណីផ្សេងៗទៀតដែរ ព្រោះសកម្មភាពនេះ បានរួមចំណែកការកើនឡើង នូវធនធានជលផល សម្រាប់ប្រជាពលរដ្ឋ យើងប្រើប្រាស់កាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីលែងកូនត្រីពូជជាង១០ម៉ឺន​ក្បាល​ និងដាំកូនឈើ នៅសហគមន៍នេសាទ​អាងទឹក​ថ្មដា​ទឹកឆា​ ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ នៅថ្ងៃទី​៧​ ខែកញ្ញា​ ឆ្នាំ​២០២២​។

ក្នុងពិធី លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងជំរុញការអភិវឌ្ឍន៍ ការអភិរក្សមច្ឆជាតិឲ្យមានចីរភាព ជាពិសេសជំរុញការអភិវឌ្ឍន៍​មច្ឆជាតិ​ ក្នុងខេត្តកំពង់ចាម ឲ្យបានល្អប្រសើរ គឺយើងត្រូវអនុវត្តតាមពាក្យស្លោក “ទាំងអស់គ្នាដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា”។​

អភិបាលខេត្តបាន​បន្ត​ថា​ នៅគ្រប់កាលៈទេសៈគ្រប់ទីកន្លែងទាំងអស់ យើងត្រូវចូលរួមទាំងអស់គ្នាដោយចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គឺត្រូវផ្សារភ្ជាប់ទៅ នឹងការធ្វើអាជីវកម្មសមស្រប ហើយត្រូវគិតគូរផងដែរអំពីការអភិរក្ស ននិងការការពារធនធានជលផល។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ធ្វើ​ការ​ណែនាំ​ដល់​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង។​ ហេីយ​ត្រូវរៀបចំបង្កើតសហគមន៍ស្រះជម្រកត្រី ឲ្យបានច្រើនគ្រប់មូលដ្ឋាន​ ព្រោះនេះជាវិធីសាស្ត្រ មួយដែលធ្វើឲ្យត្រីសម្បូរឡើងវិញបាន និងត្រូវពង្រឹង សហគមន៍ នេសាទ ដែលបានបង្កើតរួចហើយ ដោយជម្រុញ ឲ្យមានកន្លែងអភិរក្សក្នុងសហគមន៍នីមួយៗ សម្រាប់ជាជម្រកត្រីមេពូជត្រីធ្វើការបន្តពូជ។​ លេីសពី​នោះ​ត្រូវបន្តកិច្ចការពារកន្លែងអភិរក្សជលផល ដែលមានស្រាប់ និងបន្តការងារបង្ក្រាបបទល្មើស ជលផលជាប្រចាំ និងចាត់វិធានការគ្រប់បែបយ៉ាង​ ដោយផ្តោតសំខាន់ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ការប្រើ សារធាតុពុលចាប់ត្រី ។ល។​ ព្រមទាំងបំផុសឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមដាំកូនឈើ ឲ្យបានច្រើននៅតាមមូលដ្ឋានផងដែរ​៕​SRP