អភិបាលខេត្តកំពត៖ ប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ គឺបានមកពីសម្តេចតេជោ យកជីវិតទៅប្តូរ

0

ខេត្តកំពត៖អភិបាលខេត្តកំពតបានបញ្ជាក់ទៀតថា ប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ គឺបានមកពីសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះហើយសូមបងប្អូន និងគ្រួសាររបស់យើង ចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះ ឲ្យបានគង់វង្ស ជាពិសេសសូមកុំជឿតាមការឃោសនា អកុសល្យទាំងឡាយ ដែលពួកគេមានបំណងបំផ្លាញនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋយើង។

អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ នៅថ្ងៃចន្ទ នេះ នៅពហុកីឡដ្ឋានខេត្តកំពត លោក បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍សំណេះសំណាល ពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។

លោកក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត ក៏ដូចសាធារណៈជនអំពីគម្រោង របស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ ជាកន្លែងបម្រើឲ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀបចំពិធីផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ំទូក នាពេលខាងមុខ នៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង៖
-គម្រោងទី១ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ
-គម្រោងទី២ ពីចន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ។

អភិបាលខេត្តក៏បានសំណូមពរដល់បងប្អូន.ក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួបរួមសាមគ្គីគ្នា យកអាសារគ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពីប្រពៃណីថ្លៃថ្នូរ របស់ជាតិយើង ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវ ឲ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពតយើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារយើងទាំងអស់គ្នាទៅទទួលវាក់សាំងការពារជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕SRP