លោក ព្រាប សុវត្ថិ ទទួលបាន​ចំណែក​ដី​បឹង​តា​មោក«បឹង​កប់​ស្រូវ« ជិត​៣​ហិកតា ធ្វើជា​កម្មសិទ្ធិ​

0

 

 

ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែល​គេ​ស្គាល់​ថា ជា​អ្នកចម្រៀង ដ៏​ល្បីឈ្មោះ​ប្រចាំនៅ​កម្ពុជា និង​ក៏មាន​ក្របខ័ណ្ឌ​ជា​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយ៍ឯក ( ស័ក្តិ​៥ ) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រេច​កាត់​ផ្ទៃដី ចំនួន​៤​ទីតាំង ស្ថិតនៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទំហំ​សរុប ២៩ ៨១៤​ម៉ែត្រក្រឡា ចេញពី​ផ្ទៃ​បឹង​តា​មោក « បឹង​កប់​ស្រូវ » ធ្វើ​អនុ​ប​យោគ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម ជូន​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ ៧៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២២។

បើ​គិត​តាម​កាលបរិច្ឆេទ​ជាក់ស្តែង គឺ ​លោកព្រាប សុវត្ថិ ទទួលបាន​ចំណែក​ដី​ផ្ទៃ​បឹង​តា​មោក «បឹង​កប់​ស្រូវ» ជិត​៣​ហិកតា ធ្វើជា​កម្មសិទ្ធិ នោះ គឺ​នៅ​មុនពេល​រូបលោក ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា។ ទោះជាយ៉ាងណាគេនៅមិនទាន់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ ​លោក ព្រាប សុវត្ថិ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក « បឹង​កប់​ស្រូវ» ទំហំ​ជិត​៣​ហិកតា ជា​កម្មសិទ្ធិ ពី​រាជរដ្ឋាភិបាល​កម្ពុជា ​នៅឡើយ​ទេ។

លោក ព្រាប សុវត្ថិ ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២២/៤៤៣ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២៕SRP