អភិបាលខេត្តកំពង់ចាម ចូលរួមរំលែកមរណទុក្ខ ក្រុមគ្រួសារសព លង់ទឹកស្លា…ប់ ដោយសារខ្យល់បោកពន្លិចទូក

0

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ប្តី ឪពុក ឪពុកក្មេក កូន កូនប្រសារ ជាទីគោរព ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ ដែលមិននឹកស្មានដល់នេះ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ  ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា  ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក   ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។

ប្រធានគណ:កម្មាធិការសាខា ក៏បានលើកទឹក ចិត្ត ដល់ ក្រុមគ្រួសារទាំង ២ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ។

លោកអ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ អោយបានគ្រប់ៗគ្នា។

លោក អ៊ុន ចាន់ដា លើកឡើងយ៉ាងដូច្នេះ នៅ
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ​ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២ គ្រួសារ ដែលបានស្លាប់ដោយលង់ទឹក ខណៈខ្យល់បក់បោកបណ្តាលឲ្យលិចទូក ពេលចុះនេសាទ នៅចំណុចវាលព្រះ កាលពីម៉ោង ១០យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

ជនរងគ្រោះទាំង ២នាក់​ ត្រូវជាឪពុកមា​ និង​ក្មួយ​​, ម្នាក់ អាយុ៥១ឆ្នាំ មានប្រពន្ធ កូន ៤នាក់ និង ម្នាក់ទៀត អាយុ៣១ឆ្នាំ មានប្រពន្ធ កូនស្រី ១នាក់ មានទីលំនៅ ភូមិកណ្តោលកោង ឃុំសំរោង ស្រុកព្រៃឈរ។

ចំពោះសម្ភារដែលបានផ្តល់ជូនគ្រួសារសពខាងលើ គឺក្នុង១ គ្រួសារៗ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស  ត្រីខ ២០កំប៉ុង ,  មី ២កេស និង បច្ច័យចូលបុណ្យ  ចំនួន ៥០​ម៉ឺនរៀល។

ដោយឡែក ពលរដ្ឋម្នាក់ទៀត ត្រូវជាសាច់ញាតិសព ដែលនៅរស់ពីការលង់ទឹក ក៏ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា ឧបត្ថម្ភ ចំនួន ២០ម៉ឺនរៀល​ រួមនឹងបានឧបត្ថម្ភដល់កងកម្លាំងសង្រ្គោះក្នុងហេតុការណ៍ខាងលើ ។ ជាមួយនោះ គណៈ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានចូលបុណ្យ ក្នុង ១គ្រួសារ ថវិកា ៥០ម៉ឺនរៀល​ អនុសាខាស្រុក ចូលបុណ្យបន្ថែម ក្នង ១គ្រួសារ បច្ច័យ ២០ម៉ឺនរៀល​ ផងដែរ​៕SRP