មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃប្រាប់អាជ្ញាធរខេត្តកំពង់ចាមថា ត្រូវដឹងពីសុខទុក្ខរបស់​ប្រជា​ពលរដ្ឋ​ និង ដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា​

0

ខេត្តកំពង់ចាម៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះ បានថ្លែងប្រាប់អាជ្ញាធរខេត្តកំពង់ចាមថា ត្រូវដឹងពីសុខទុក្ខរបស់​ប្រជា​ពលរដ្ឋ​ និងដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា​។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង​ អភិបាលរង​ ខេត្តកំពង់ចាម​ លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារនាពេលកន្លងមក ឲ្យមានការអភិវឌ្ឍ​រីកចម្រើន លើគ្រប់វិស័យគួរឲ្យកត់សម្គាល់​ រហូតទទួលបានការគាំទ្រពីសាធារណជន​​។

លោកក៏បានជំរុញ ឲ្យបន្តការខិតខំអភិវឌ្ឍន៍ខេត្ត ឲ្យ​កាន់តែ​មានភាពរីកចម្រើន​បន្ថែម​ទៀត​ លេីសពី​នោះ​ត្រូវដឹងពីសុខទុក្ខ​ របស់​បងប្អូនប្រជា​ពលរដ្ឋ​ ហេីយត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា​ផងដែរ​។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានជំរុញ
ដល់​ថ្នាក់ដឹកនាំ​ ក៏ដូចជាមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ឲ្យរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្ត ឲ្យកាន់តែមានការអភិវឌ្ឍន៍​ រីកចម្រើន​ជាបន្តទៀត​ ស្របតាម​កម្មវិធី​នយោបាយ របស់ រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់ សេដ្ឋកិច្ចជីវភាព​ររស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងពិធី លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ក្រោមការខិតខំប្រឹងប្រែងអនុវត្ត គោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ ជា បន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផល រូបវ័ន្តជាច្រើន ជាពិសេសជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែបានលើក កម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋភិបាលកម្ពុជា ដែគូអភិវឌ្ឍន៍ សប្បុរជននានា។

គួរ​បញ្ជាក់​ថា​ ពិធីប្រកាសចូលកាន់មុខតំណែង​ អភិបាលរង​ នៃ​គណៈអភិបាលខេត្តកំពង់ចាម​ សរុប​ចំនួន​ ៦រូប​ ក្នុង​នោះ​ផ្ទេរ​ភារកិច្ច​ ២រូប​ គឺ​ ឯកឧត្ដម​ គន់​ សភា​ មក​ពី​អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ និង​ឯកឧត្ដម​ លី​ សារ៉ារិទ្ធ​ មក​ពី​អភិបាល​រង​ខេត្ត​ព្រះវិហារ​ ជំនួស​ឯកឧត្តម​ កៅ​ សុខអាន​ និង​ឯកឧត្ដម​ អ៊ុំ​ភឿន​ គុណវឌ្ឍ​ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ក្រសួង​មហាផ្ទៃ​។ ដោយឡែក​អភិបាល​រង​ថ្មី​ ៤រូប​ទៀត​ គឺ​ ឯកឧត្ដម​ ចាន់​ ផល្លី​ អតីត​អភិបាល​ក្រុង​កំពង់ចាម​ ឯកឧត្តម​ ឡោ​ ចាន់​លី​ អភិបាល​ស្រុកព្រៃឈរ​ ឯកឧត្តម​ ស្រី​ សុភ័ក្ដ្រ​ ប្រធាន​មន្ទីរ​ធម្មកា​ និង​សាសនា​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ សា​ ស៊ី​ថា​ អនុ​ប្រធាន​ការិយាល័យ​នគរបាល​​ចរាចរ​ផ្លូវ​គោក​ខេត្តកំពង់ចាម​៕SRP