ខេត្តសៀមរាប ចាប់សាច់(ឆ្កែ) ជាង១តោន យកទៅដុតបំផ្លាញចោល

0

ខេត្តសៀមរាប៖សាច់សត្វសុនខ(ឆ្កែ)ក្លាសេចំនួន ១៣០០ គីឡូក្រាម ដែលឈ្មួញដឹកចេញពីតាមបណ្តាខេត្តផ្សេងៗឆ្លងកាត់សៀមរាប បម្រុងយកទៅលក់នៅភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញខេត្តសៀមរាបចាប់បាន។

ការបង្ក្រាបបានធ្វើឡើងនៅវេលាម៉ង ០១និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ ៦។ ចំណែកការដុតបំផ្លាញចោល នៅរសៀលថ្ងៃទី១៦ខែសីហា ឆ្នាំ២០២២នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថារថយន្ត ដែលដឹកសាច់ឆ្កែពណ៌ស ពាក់ស្លាកលេខ កំពត 2A.1924 មានដឹកចំនួន៣ធុងធំ និង១ធុងតូច ចំនួន ១៣៤ក្បាល ទម្ងន់ប្រមាណ ១៣០០គីឡូក្រាម ប្រព្រឹត្តដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ តាមការឆ្លើយបំភ្លឺពីម្ចាស់ សត្វសុនខទាំងនេះបានដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ។

ករណីនេះរថយន្តដឹកសត្វសុនខ មន្ត្រីជំនាញយកមករក្សាទុកនៅមន្ទីរកសិកម្ម រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់។

មន្ត្រីជំនាញបានសំណូមពរចំនួន២ចំណុចថា ទី១ សូមអាជីវករទាំងអស់រកមុខរបរថ្មី ថ្លៃថ្នូរស្របច្បាប់ និងលើកតម្លៃខេត្តសៀមរាប ជាខេត្តវប្បធម៌ផងដែរ។
ទី២ចំពោះអ្នកនិយមពិសារសាច់សុនខ ក្នុងរយៈកាលកន្លងមក មេត្តាអធ្យាស្រ័យយល់យោគ ពីព្រោះវាអាចប៉ះពាល់សេចក្តីថ្លៃស្នូររបស់អ្នកហូបនិងអាចប៉ះពាល់ដល់សុខភាពផងដែរ ព្រោះសត្វសុនខ(ឆ្កែ)ទាំងនោះវាមិនមែនមានសុខភាពល្អទាំងអស់នោះទេ។

នៅខេត្តសៀមរាប បើទោះបីជាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញលិខិតហាមឃាត់យ៉ាងណាក៏ដោយ ក៏ទីតាំងមួយចំនួនគេសង្កេតឃើញមានលក់សាច់សុនខ(ឆ្កែ) ដដែល។ កក្តាបែបនេះត្រូវបានគេលើកឡើងថាមកពីជំនាញពេទ្យ មានភាពកម្សោយឬអាចមានការឃុបឃិតគ្នាជាប្រព័ន្ធផងដែរ៕SRP