ខេត្តកំពង់ចាម៖លោក យឹម ឆៃលី បានណែនាំឲ្យ មន្ត្រីបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច និងខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព។
លោកក៏បានប្រាប់មន្ត្រីឲ្យអនុវត្តឲ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ព្រមទាំងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឲ្យបានល្អប្រសើរ និងខិតខំជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗទៀត។
លោកយឹម ឆៃលី ក៏បានណែនាំឲ្យពង្រឹងការអនុវត្តឲ្យបានល្អនូវតួនាទី ភារកិច្ច របៀបរបបធ្វើការ របស់ក្រុមប្រឹក្សាឃុំ និងបន្តពង្រឹងការរៀបចំកម្លាំងដោយឈរ លើទស្សនៈរក្សាចាស់ កសាងថ្មី ព្រមទាំងពង្រឹងការងារចលនាមហាជន ជាពិសេសចលនាស្រ្តី និងកម្មករ តាមរយៈការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ។ លេីសពីនោះត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ នៅថ្ងៃអាទិត្យ នេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយ ខេត្តកំពង់ចាម ក៏បានផ្តល់នូវអនុសាសន៏ណែនាំ ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ត្រូវការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចល របស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ៕SRP

